សារព័ត៌មាន L’Esportiu បានរាយការណ៍ថា Barcelona ទទួលបានកម្ចី៥០០លានអឺរ៉ូពីធនាគារវិនិយោគអាមេរិក Goldman Sachs កាលពីថ្ងៃអង្គារទី១៨ខែឧសភាឆ្នាំ២០២១ ដើម្បីយកមកប្រើប្រាស់ដោះស្រាយបញ្ហាចាំបាច់របស់ក្លិប។
Barca មានបញ្ហាមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុក្នុងសម័យលោក Josep Maria Bartomeu ជាប្រធានក្លិប និងបង្កើតឱ្យមានក្ដីបារម្ភជុំវិញលទ្ធភាពរបស់ក្លិបក្នុងការបើកប្រាក់ខែជូនកីឡាករនិងការនាំចូលកីឡាករថ្មីៗក្នុងរដូវក្ដៅនេះ។ ពេលប្រធានក្លិបថ្មី Joan Laporta ចូលកាន់តំណែង មានការធ្វើសាវនកម្មហិរញ្ញវត្ថុក្នុងក្លិបនាពេលកន្លងមកហើយបានរកឃើញថាចំណាយមួយចំនួនត្រូវបានធ្វើឡើងដោយមិនត្រឹមត្រូវ។
ឥឡូវនេះពួកគេទទួលបានកម្ចីកន្លះពាន់លានអឺរ៉ូដើម្បីដោះស្រាយបញ្ហាបន្ទាន់ដូចជាទូទាត់ខ្លះៗលើបំណុលចាស់ៗនិងបន្ធូរបន្ថយសម្ពាធរយៈពេលខ្លីលើថ្នាក់ដឹកនាំក្លិប ហើយផ្ដល់ស្ថិរភាពដល់ក្លិបក្នុងរដូវកាលនេះនិងរដូវកាលក្រោយ។
ប្រភពពីក្នុងក្លិប Barca បង្ហើបថាក្លិបបានពិនិត្យមើលទុកជាមុនអំពីអ្វីដែលអាចជាសេណារីយ៉ូអាក្រក់បំផុតបង្កឡើងដោយអវត្តមានទស្សនិកជនក្នុងកីឡដ្ឋានដោយសារជំងឺរាតដ្បាតកូវីដ១៩។ ពេលនេះក្លិបបានធូរទ្រូងហើយ។
ប្រភពព័ត៌មានបង្ហាញថាបំណុលរបស់ Barca មានចំនួន១,១៧៣ ពាន់លានអឺរ៉ូ ហើយក្នុងចំណោមនោះ ៧៥០លានអឺរ៉ូត្រូវទូទាត់ក្នុងរយៈពេលខ្លី៕