Skip to content
រឿងរ៉ាវសំខាន់ៗគួរឱ្យចង់ដឹងក្នុងលីគបាល់ទាត់នៅតំបន់អាស៊ានសប្ដាហ៍នេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

រឿងរ៉ាវសំខាន់ៗគួរឱ្យចង់ដឹងក្នុងលីគបាល់ទាត់នៅតំបន់អាស៊ានសប្ដាហ៍នេះ

ចុងសប្ដាហ៍ដែលទើបតែកន្លងហួសមកក្ដៅៗនេះបានបន្សល់ទុករឿងរ៉ាវល្អៗគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងបណ្ដាលីគបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។

សម្រាប់នៅកម្ពុជា បឹងកេត បានក្លាយជាជើងឯក Metfone Cambodian League 2020 ក្នុងលក្ខណៈដ៏រំភើបបំផុតមិនធ្លាប់មាន ក្រោយតាមស្មើ១-១ក្នុងនាទី៩០+៦នៅទឹកដីក្រុម ភ្នំពេញក្រោន ក្នុងការប្រកួតបិទរដូវកាលដ៏ស្វិតស្វាញឥតគណនា។ បឹងកេត បង្វឹកដោយលោក គឹម ភក្ដី ថែមទាំងបានរក្សាភាពមិនចាញ់សោះបានពេញមួយរដូវកាលក្នុងលីគកំពូលកម្ពុជា ដែលជាកំណត់ត្រាដ៏កម្រ។ នេះជាការលើកពានលីគលើកដំបូងរបស់បឹងកេតតាំងពីឆ្នាំ២០១៧មក និងជាលើកទី៤ក្នុងប្រវត្តិសាស្ត្រក្លិបដែលឡើងមកលីគកំពូលដំបូងក្នុងឆ្នាំ២០១២។

នៅទីម័រឡេស្តេ ក្រុម Lalenok United បានគ្រងជើងឯកពាន Copa FFTL (ពានសហព័ន្ធកីឡាបាល់ទាត់ទីម័រឡេស្តេ) ដែលទើបបង្កើតឡើងដំបូង តាមរយៈការផ្ដួល SL Benfica ២-១ នៅពហុកីឡដ្ឋានជាតិក្នុងទីក្រុង Dili កាលថ្ងៃអាទិត្យទី២៥ខែតុលាឆ្នាំ២០២០។ ក្រុម Good View ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយលត់ Assalam ៨-១។

នៅថៃ ក្រុមកំពុងឡើងជើង BG Pathum United បន្តមានចុងសប្ដាហ៍ដ៏ល្អប្រសើរទៀតហើយ ដោយបានផ្ដួល Sukhothai ៣-២ ដើម្បីរក្សាការនាំមុខ៦ពិន្ទុនៅកំពូលតារាង Thai League 1។ ក្រុមការពារជើងឯក Chiangrai United ឡើងមកលេខ២ ក្រោយឈ្នះ៣-០ នៅផ្ទះ Chonburi ខណៈ Ratchaburi ឈរលេខរៀងទី៣ ក្រោយឈ្នះ៣-០លើ Rayong ដែលមិនទាន់មានពិន្ទុរាប់សោះ។ Port FC បន្តឈ្នះលើកទី៣ជាប់គ្នា ក្រោយផ្ដួល Prachuap ២-១ ស្របពេល Bangkok United បានបញ្ចប់ភាពចាញ់ច្រើនប្រកួតជាប់គ្នាមកស្មើ១-១ជាមួយ Nakhon Ratchasima។ ជើងឯកច្រើនសម័យ Buriram United ដែលទើបយកគ្រូជនជាតិប្រេស៊ីល Alexandre Gama មកបង្វឹកវិញក្រោយការចាកចេញរបស់លោក Bozidar Bandovic នោះ ក៏មិនជួបភាពសមប្រកបនៅឡើយដែរ ដោយត្រូវ Trat តាមស្មើ២-២ក្នុងនាទី៩០+២។

នៅវៀតណាម Viettel បន្តឈរទីកំពូលតារាង V. League ក្រោយឈ្នះលើកទី៤ជាប់គ្នាតាមរយៈគ្រាប់បាល់១គ្រាប់គត់របស់ Nguyen Trong Dai ទល់ Hong Linh Ha Tinh និងរក្សាការនាំមុខ២ពិន្ទុលើក្រុមលេខ២ គឺក្រុមការពារជើងឯក Hanoi FC ដែលបានវាយបកចុងម៉ោងឈ្នះ២-១លើ Becamex Binh Duong។ ខណៈលីគកំពូលវៀតណាមរដូវកាល២០២០នេះនៅសល់៣សប្ដាហ៍ប្រកួតទៀត ក្រុមលេខ១និងលេខ២នឹងប៉ះគ្នានៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ទោះយ៉ាងណា Saigon និង Than Quang Ninh ក៏នៅសល់ក្ដីសង្ឃឹមក្នុងការប្រជែងជើងឯកដែរ ក្រោយឈ្នះ៤-២ និង២-១ លើ Hoang Anh Gia Lai និង Ho Chi Minh City រៀងខ្លួន ដើម្បីរក្សាគម្លាតនៅត្រឹម៣ពិន្ទុពីក្រុមលេខ១។

នៅសិង្ហបុរី ពេលនេះមានក្រុមកំពូលតារាងថ្មីគឺ Albirex Niigata Singapore ដែលបានឈ្នះ៣-២លើ Lion City Sailors។ ក្រុម Balestier Khalsa ឈរលេខរៀងទី២ ក្រោយឈ្នះ៣-២លើ Geylang International។ រីឯ Young Lions រកបានពិន្ទុជាលើកដំបូង តាមរយៈជ័យជម្នះ២-១លើ Tanjong Pagar និងបានងើបផុតពីបាតតារាង៕