Skip to content
ប្រធាន FFC ប្ដេជ្ញារៀបចំ AFF U23 Championship នៅកម្ពុជាប្រកប​ដោយជោគជ័យនិងសុវត្ថិភាព
    ទំព័រដើម  »  កីឡាជាតិ

ប្រធាន FFC ប្ដេជ្ញារៀបចំ AFF U23 Championship នៅកម្ពុជាប្រកប​ដោយជោគជ័យនិងសុវត្ថិភាព

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ឯកឧត្ដម សៅ សុខា មានប្រសាសន៍​ថា​កម្ពុជា​នឹង​ធ្វើការឱ្យបាន​ល្អ​បំផុត​ដើម្បី​ធានាថា​ព្រឹត្តិការណ៍​ AFF U23 Championship 2022 ដំណើរការ​ដោយ​ជោគជ័យ​និង​សុវត្ថិភាព បន្ទាប់​ពី​ទទួល​បាន​ការ​ជឿជាក់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍​ក្នុងការ​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​ក្រោយ​។

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) បាន​ផ្ដល់​សិទ្ធិ​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុក្រោម​​២៣​ឆ្នាំ​​ ឆ្នាំ​២០២២ ដោយ​ដំណើរការ​ពី​ថ្ងៃ​ទី​១៤​ដល់​២៦​ខែ​កុម្ភៈ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ និង​កីឡដ្ឋាន​ព្រីនស៍​របស់​ក្លិប​វិសាខា​។

ក្នុងនោះ​ដែរ AFF បាន​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​ខាង​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​ទីផ្សារ SPORTFIVE ដែល​ធ្វើការ​ជាមួយ AFF ជា​យូរ​មក​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ​១៩៩៦​មកម្ល៉េះ​។

ឯកឧត្ដម សៅ សុខា ប្រធាន FFC មានប្រសាសន៍តាម Aseanfootball.org ​ថា​៖ «ពួកយើងមានសេចក្ដី​សោមនស្ស​ក្នុងការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ AFF U23 Championship នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ និង​សូម​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍​សម្រាប់​ការ​ទុកចិត្ត​លើ​កម្ពុជា​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ដោយ​ជោគជ័យ​។ ពួក​យើង​នឹង​ធ្វើឱ្យបាន​ល្អ​បំផុត​ដើម្បី​ធានា​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ដំណើរការ​ដោយ​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា​ដែល​ពាក់ព័ន្ធ​​ហើយ​ពួក​យើង​កំពុង​​អន្ទះសារ​ក្នុងការ​រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​អាស៊ីអាគ្នេយ៍​ដ៏​ល្អ​បំផុត​​នៅ​អាស៊ាននេះ​នៅ​ឆ្នាំ​ក្រោយ​»។

ចំណែក ឯកឧត្ដម ខៀវ សាម៉េត ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍ តំណាង​ឱ្យ​សហព័ន្ធ​សមាជិក​ទាំង​អស់ បាន​ថ្លែ​ង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សម្រាប់​ការ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​រំភើប​មួយ​នេះ​។

AFF U23 Championship 2022 នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤​ដល់​២៦​ខែ​កុម្ភៈ​ក្នុង​ប្រទេស​កម្ពុជា​។ ចំនួន​ក្រុម​ចូ​ល​រួម និង​កាលវិភាគ​ប្រកួត​នឹង​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​បន្ទាប់។

​សូមរំឭកថា កាលពីឆ្នាំ២០១៩ កម្ពុជា បានធ្វើម្ចាស់ផ្ទះ AFF U22 Championship 2019 ដោយកាលណោះ ឥណ្ឌូនេស៊ី ជាជើងឯក ក្រោយឈ្នះ ថៃ ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈកម្ពុជាលេខ៤ ក្រោយចាញ់វៀតណាម០-១ ក្នុងវគ្គដណ្ដើមលេខ៣៕