Chelsea ត្រូវបានគេដឹងថាកំពុងខិតជិតឈានចូលដល់ការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang ពី Barcelona ដើម្បីមកជួយបំពេញចន្លោះខ្វះខាតក្នុងតំបន់ប្រយុទ្ធរបស់ខ្លួន។
តោខៀវបានដាក់សំណើ25លានផោនដើម្បីនាំយកអតីត ប្រធានក្រុម Arsenal វ័យ 33 ឆ្នាំត្រឡប់ទៅទឹកដីអង់គ្លេសសារជាថ្មី។គ្រូបង្វឹក Chelsea លោក Tuchel រំពឹងថាកីឡាកររូបនេះនឹងមកចូលរួមជាមួយក្រុមខ្លួនខណៈរូបគេក៏ធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោកផងដែរកាលពីគេនៅ DORTMUND។
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះកំពុងមានវិបត្តិខ្សែប្រយុទ្ធដោយ Romelu Lukaku ត្រូវបានក្លិប Inter Milan ខ្ចីជើងហើយកីឡាករវ័យក្មេងដែលទើបតែទិញចូល Armando Broja ក៏មានបញ្ហារបួសថែមទៀត។
គួរជម្រាបផងដែរថាកាលពីថ្ងៃអាទិត្យ ទី 21 ខែសីហាកន្លងទៅក្លិបម្ចាស់ជើងឯក៥សម័យ Premier League មួយនេះទើបតែរងបរាជ័យក្រោមថ្វីជើង Leed United 3-0 ។ការរបូតអស់៥ពិន្ទុក្នុង២ប្រកួតចុងក្រោយបានធ្វើឲ្យក្លិបមួយនេះត្រូវស្វែងរកកីឡាករថ្មីបន្ថែមទៀតសម្រាប់មកជួយក្រុមក្នុងការប្រជែងពាន Premier League 2022-23។
Tuchel នៅតែជឿជាក់ថា Auba នឹងមកចូលរួមក្រោមការដឹកនាំរបស់ខ្លួនថាជាថ្មីម្តងទៀតបន្ទាប់ពីសំណើថ្មីបានបន្ថែមទឹកប្រាក់ប្រហែល3.5លានផោន។
ក្រឡែកមកមើលគ្រូបង្វឹក Xavi វិញហាក់បីដូចជាមិនមានការបកស្រាយណាជាក់លាក់ជុំវិញការចង់ចាកចេញរបស់ Aubameyang ឡើយ។ចំណែកឯកីឡាករវិញបានយល់ព្រមនិងទទូចឲ្យក្លិបយល់ព្រមសំណើដើម្បីឲ្យរូបគេអាចវិលត្រឡប់ទៅកាន់ទឹកដីអង់គ្លេសជាថ្មី។
ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang មិនស្ថិតក្នុងជម្រើសដំបូងឡើយក្រោមការដឹកនាំរបស់ Xavi ក្រោយពីការមកដល់របស់កីឡាករ Robert Lewandowski ហើយកាលពីថ្មីៗនេះខ្សែប្រយុទ្ធរូបនេះទើបតែរកគ្រាប់បាល់បាន២គ្រាប់ផងដែរកាលប៉ះជាមួយនឹង Real Socieded ក្នុងក្របខណ្ឌ La Liga 2022-23 សប្ដាហ៍ទី២។