កីឡាករ Richarlison របស់ Tottenham Hotspur ត្រូវបានគេមើលឃើញថាមានការរំលោភបំពានលើការរើសអើងជាតិសាសន៍បន្ទាប់ពីអ្នកគាំទ្ររបស់ទុយនីស៊ីគប់ផ្លែចេកសំដៅទៅរូបគេក្នុងការប្រកួតដែលប្រេស៊ីលទទួលបានជ័យជម្នះ5-1។
កីឡាករវ័យ២៥ឆ្នាំរូបនេះរកបានគ្រាប់បាល់ទី២ជួយឲ្យប្រេស៊ីលនាំមុន 2-1 ក្នុងអំឡុងការប្រកួតមិត្តភាពនៅឯកីឡដ្ឋាន Parc des Princes នាទីក្រុងប៉ារីសរួចរូបគេបានអបអរគ្រាប់បាល់នោះហើយត្រូវបានអ្នកគាំទ្រគប់ផ្លែចេកសំដៅទៅរូបគេតែម្តង។បន្ទាប់មកខ្សែបម្រើរបស់ Manchester United កីឡាករ Fred បានទាត់ចេកនោះចេញពីទីលានខណៈដែល Richarlison ហាក់ដូចជាមិនចាប់អារម្មណ៍នឹងរឿងនេះឡើយ។
ក្រោយចប់ការប្រកួត Richarlison បានបង្ហោះសារវាយបកវិញចំពោះការរំលោភបំពានមកលើខ្លួន។រូបគេបានបង្ហោះសារថា៖ “ដរាបណាពួកគេនៅតែធ្វើរឿងទាំងអស់នោះហើយមិនទទួលបានការដាក់ទោសនោះវានឹងបន្តកើតឡើងបែបនេះជារៀងរាល់ថ្ងៃនិងគ្រប់ទីកន្លែង”។
នៅក្នុងកិច្ចសម្ភាសបន្ទាប់ពីចប់ការប្រកួតរូបគេក៏បានបន្ថែមទៀតថា៖ “ខ្ញុំបាននិយាយរឿងនេះជាមួយ Firmino ថាព្រះប្រហែលជាមិនឲ្យខ្ញុំជួបរឿងនេះទេពីព្រោះខ្ញុំនឹងមិនដឹងថាខ្ញុំនឹងធ្វើអ្វីឡើយនៅពេលដែលមានរឿងបែបនេះកើតឡើង។ខ្ញុំសង្ឃឹមថាអ្នកគាំទ្ររូបនេះនឹងត្រូវបានគេតាមរករួចពិន័យរូបគេ។វាពិតជាពិបាកដូចដែលអ្នកឃើញហើយកាលពីថ្មីៗនេះ Vinicius ក៏ទទួលរងនៅការរើសអើងជាតិសាសន៍នេះដូចគ្នាហើយខ្ញុំសង្ឃឹមថាអ្នកផ្សេងទៀតនឹងបានឃើញហើយឈប់ធ្វើរឿងនេះតទៅទៀត”។
មុនការប្រកួតចាប់ផ្តើម Richarlison និងមិត្តរួមក្រុមផ្សេងទៀតក៏បានឈរនៅជាប់នឹងបដាប្រឆាំងការរើសអើងជាតិសាសន៍ផងដែរបន្ទាប់ពីមានការរំលោភបំពានលើកីឡាករ Vinicius Jr អំឡុងពេលដែលគេលេងឲ្យ Real Madrid ក្នុងជំនួបជាមួយគូប្រជែង Atletico Madrid។នៅលើបដានោះសរសេរថា៖ “បើគ្មានកីឡាករស្បែកខ្មៅរបស់យើងទេ នោះក៏មិនមានកីឡាករឆ្នើមលើអាវរបស់អ្នកដែល”។
ខ្សែការពារ Chelsea កីឡាករ Thiago Silva ក៏បាននិយាយទាក់ទងនឹងរឿងនេះដែលថា៖ “វាពិតជាមិនល្អទេ បាល់ទាត់គឺជាការគាំទ្រក្រុមរបស់អ្នក។យើងបានលះបង់គ្រប់យ៉ាងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប៉ុន្តែអ្នកគាំទ្រប្រភេទនេះវាមិនមែនជារឿងល្អឡើយសម្រាប់បាល់ទាត់”។
ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Ednoldo Rodrigues ក៏បានថ្កោលទោសចំពោះការរំលោភបំពានមកលើកីឡាកររបស់ខ្លួនផងដែរ។រូបលោកបាននិយាយថា៖ “ជាថ្មីម្តងទៀត ខ្ញុំសូមប្រកាសជាសាធារណៈប្រឆាំងនឹងការរើសអើងនេះជាដាច់ខាត។យើងត្រូវតែចងចាំជានិច្ចថា យើងទាំងអស់គ្នាគឺដូចគ្នារស់នៅដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។ការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍គឺជារឿងដ៏ចាំបាច់យើងត្រូវធ្វើការផ្លាស់ប្តូរជាមូលដ្ឋានដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មប្រភេទនេះចេញពីផែនដី”។