Arsenal សង្ឃឹមថាកីឡាករសំខាន់របស់ខ្លួនចំនួនបួនរូបអាចនឹងវិលត្រឡប់មកជួយក្រុមវិញបាននៅថ្ងៃសៅរ៍សប្ដាហ៍នេះក្នុងការប្រកួត North London Derby នៃក្របខណ្ឌ Premier League សប្ដាហ៍ទី៨។
កាំភ្លើងធំក៏បានជួបនូវវិបិត្តរបួសកីឡាករបន្ថែមទៀតផងដែរកាលពីសប្ដាហ៍មុនដោយកីឡាករ Kieran Tierney និង Thomas Partey សុទ្ធសឹងតែត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិរបស់ពួកគេដោយសារបញ្ហារបួស។
កីឡាករ Takehiro Tomiyasu ក៏បានវិលត្រឡប់មកទីក្រុងឡុងដ៏វិញមុនកាលកំណត់ផងដែរបន្ទាប់ពីលេងឲ្យក្រុមជម្រើសជាតិជប៉ុនទល់នឹងអាមេរិកខណៈដែល Oleksandr Zinchenko មិនអាចទៅជួយអ៊ុយក្រែនបានឡើយបន្ទាបពីមានបញ្ហារបួសកំភួនជើងកាលពីពេលថ្មីៗកន្លងទៅ។
យោងតាម Football London បានចុះផ្សាយថាកីឡាករ៤រូបរបស់ Arsenal អាចនឹងវិលត្រឡប់មកជួយក្រុមវិញបានពេលប្រកួតប៉ះ Spurs នៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២។
Tierney ត្រូវបានស្កុតឡេនចេញមកបញ្ចាក់ថារូបគេមានបញ្ហារបួសបន្តិចបន្ទួចបន្ទាប់ពីរងការប៉ះទង្គិចក្នុងប្រកួតជាមួយអៀរឡង់ហើយ Arsenal ទទួលបានព័ត៌មានថាកីឡាកររូបនេះមិនមានបញ្ហាអ្វីធំដុំឡើយ។ចំណែកកីឡាករបីនាក់ផ្សេងទៀតដូចជា Tomiyasu , Zinchenko និង Partey នៅតែស្ថិតក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យក្លិបយ៉ាងណាមិញពួកគេត្រូវបានក្លិបរំពឹងថានឹងអាចបង្ហាញខ្លួនទាន់ការប្រកួតថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ទោះបីជា Partey ត្រូវបានកោះហៅនិងធ្វើដំណើរទៅចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្គាណាក៏ដោយប៉ុន្តែរូបគេមិនបានចូលរួមលេងឲ្យជម្រើសជាតិរបស់ឡើយដោយសារតែមានបញ្ហារបួសជង្គង់។
ថ្លែងបន្ទាប់ពី Partey ចាកចេញពីក្រុមមុនការប្រកួតកាលពីសប្ដាហ៍មុនជាមួយប្រេស៊ីលគ្រូបង្វឹកហ្គាណា Otto Addo បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា Thomas នឹងមានសុខភាពល្អនៅពេលឆាប់ៗខាងមុខនេះ។យើងមិនចង់ប្រថុយដាក់រូបគេឲ្យលេងក្នុងជំនួបមិត្តភាពជាមួយប្រេស៊ីលទេប៉ុន្តែពិតណាស់កីឡាករដូចជារូបគេគួរណាស់តែបានចូលរួមលេងពេលប៉ះប្រេស៊ីលដោយសារតែគេនឹងជួយក្រុមបានច្រើន “ ។
សម្រាប់ប្រធានក្រុមកាំភ្លើងធំកីឡាករ Martin Odegaard បានខកខានការប្រកួតចុងក្រោយរបស់ Arsenal ទល់នឹង Brentford ដោយសារបញ្ហាកំភួនជើងប៉ុន្តែរូបគេបានបង្ហាញខ្លួនឲ្យប្រទេសន័រវេសក្នុងការប្រកួត Nations League ជាមួយនឹងស្លូវេនីនិងស៊ែប៊ីហើយត្រូវបានគេជឿជាក់ថានឹងជួយក្រុមបានក្នុងជំនួប north London derby។
Reiss Nelson បានវិញត្រឡប់មកហ្វឹកហ្វាត់ជាមួយក្រុមវិញហើយខណៈកីឡាករ Mohamed Elneny នៅតែបន្តអវត្តមានដោយកីឡាករសញ្ជាតិអេស្សីបរូបនេះនៅតែមិនទាន់ជាសះស្បើយនៅឡើយពីរបួសសសរសៃពួររបស់គេ។
ក្នុងពេលដែលគ្រូបង្វឹក Mikel Arteta បានទទួលនូវដំណឹងដ៏ល្អជាច្រើនអំពីស្ថានភាពរបួសកីឡាករចំណែកឯ Cedric Soares ក៏ទទួលបានដំណឹងថាអាចត្រឡប់មកវិញផងដែរបន្ទាប់ពីសម្រាកព្យាបាលរបួសអស់រយៈពេល២សប្ដាហ៍និងបានខកខានជួយ Arsenal ក្នុងការប្រកួតជាមួយ FC Zurich និង Brentford ផងដែរ។