ខ្សែការពារស្លាបឆ្វេងអេស្ប៉ាញ Jordi Alba នឹងចាកចេញពីក្លិប Barcelona ក្នុងរដូវក្ដៅនេះ បន្ទាប់ពីបានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យាមុនកំណត់១រដូវកាលជាមួយក្លិបជើងឯក La Liga។
Alba វ័យ៣៤ឆ្នាំ បានចូលរួម Barca ពី Valencia ក្នុងឆ្នាំ២០១២ ហើយបានឈ្នះជើងឯក La Liga ៦ដង, Copa del Rey ៥ដង និង UEFA Champions League ក្នុងឆ្នាំ២០១៥។
គេបានចូលលេង៤៥៨លើកសម្រាប់ Barca រួមទាំង២៩ប្រកួតក្នុងរដូវកាល២០២២-២៣នេះផងដែរ។
នេះគឺជាការចាកចេញពី Barcelona ដោយតារាជើងចាស់ស្មោះស្ម័គ្រម្នាក់ទៀត បន្ទាប់ពីប្រធានក្រុម Sergio Busquets ដែលក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតនិងអាមេរិកកំពុងតាមទាក់ទង។
ការសម្រេចចិត្តចាកចេញទាំងនេះគឺស្របពេល Barcelona កំពុងធ្វើកំណែទម្រង់ក្រុមកីឡាករឡើងវិញដើម្បីអនុលោមតាមបទបញ្ញត្តិហិរញ្ញវត្ថុ Financial Fair Play របស់ La Liga។
សូមរំឭកផងដែរថា មុនរដូវកាលនេះចាប់ផ្ដើម Barca បានលក់ភាគហ៊ុននៃអនាគតសិទ្ធិផ្សាយទូរទស្សន៍និងផលិតកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនហៅថា Barca Studio ដើម្បីអនុញ្ញាតឱ្យពួកគេចុះបញ្ជីសមាជិកថ្មី៤នាក់។ បន្ទាប់មកពួកគេក៏បានបញ្ចេញកីឡាករមួយចំនួនទៀតផងដែរ ដើម្បីអាចចុះបញ្ជីខ្សែការពារ Jules Kounde ដែលពួកគេទិញមកពី Sevilla៕
ប្រភព៖ BBC