ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបកំណើតក្រុមអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ឆ្នាំ ដោយបង្កើតជាមូលនិធិប្រមូលពីសមាជិកបានចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិកដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ។
មូលនិធិនេះត្រូវបានបង្កើតឡើងដោយលោក ស៊ិន វីរ៉ុត រុន ហៅ Juneជាប្រធានក្រុមអ្នកគាំទ្រ នៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ហើយ បិទបញ្ចប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល៧ ថ្ងៃ។ ជាលទ្ធផលថវិកាដែលប្រមូលបានសរុបគឺមានចំនួន 600$ (ប្រាំមួយ រយ ដុល្លារ អាមេរិក ) បានប្រគល់ដល់ដៃមន្ទីរ ពេទ្យនៅថ្ងៃទី០៥ ខែកញ្ញា នេះ។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជា បានធ្វើកម្មវិធី សប្បុរសធម៌ របស់ ខ្លួន ដោយកន្លងមក ពួកគេបានធ្វើការប្រកួត បាល់ទាត់ សប្បុរសធម៌ , ការបរិច្ចាគឈាម , ការឧបត្ថម្ភដល់ក្រុមបាល់ទាត់ដែលខ្វះខាតនៅតាមបណ្ដាខេត្តដូចជាបាល់សំលៀកបំពាក់ … ជាដើម។
លោកJune ដែលបច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្លឹបអ្នកគាំទ្រ Liverpoolនៅកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែ សីហាឆ្នាំ ២០១១ គិតមកដល់ពេលនេះមានអាយុ១២ឆ្នាំហើយ ។
និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរូបនេះ ឲ្យដឹងថា ក្រៅពីការប្រមូល ផ្ដុំអ្នកដែលស្រឡាញ់ ក្លឹប Liverpoolដូចគ្នា លោកចង់បង្កើតសកម្មភាពនានា ដើម្បីឲ្យបរទេសបានស្គាល់ពីកម្ពុជាផង និង សកម្មភាព ដែលចំណេញ ដល់ កម្ពុជាផង តួយ៉ាងដូចជា ការធ្វើសកម្មភាព សប្បុរសនេះជាដើម។
ទោះចំនួននេះ មិនច្រើន លើសលប់ តែវាឆ្លុះបញ្ចាំងពីទឹកចិត្ត របស់អ្នកចូលរួម ដែលមានចាប់តាំង ពី១ ដុល្លារ ២ ដុល្លារ ៥ដុល្លារ ដល់១០០ដុល្លារ។ លោកសន្យាថា ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជា នឹងបន្តធ្វើនៅឆ្នាំបន្ត បន្ទាប់ទៀត ដើម្បីជាគំរូមួយ និងការបង្ហាញ ពីសាមគ្គីភាព របស់គ្រួសារខ្មែរ៕