ក្របខណ្ឌកំពូលអង់គ្លេស Premier League គឺជាលីគមួយមានការប្រកួតប្រជែងខ្លាំងបំផុត ដែលសម្បូរទៅដោយកីឡាករបច្ចេកទេសល្អ និង កាយសម្បទារឹងមាំ។ ក្នុងនោះដែរ ក៏មានកីឡាករដ៏ពោរពេញទៅដោយបទពិសោធ ហើយអាចបង្ហាញសមត្ថភាពនៅលើទីលានប្រកួតបាន ថ្វីដ្បិតតែមានការថមថយកម្លាំង ដោយសារវ័យកាន់តែជ្រេក្ដី។
បើតាមការទិន្នន័យដែលស្រង់ចេញពី សារព័ត៌មាន The Sun ខាងក្រោមនេះ ជាកីឡាករទាំង១០រូប ដែលមានអាយុច្រើនបំផុត ដែលកំពុងប្រកបអាជីពនៅលីគកំពូលអង់គ្លេស៖
១០. Phil Bardsley – ៣៥ឆ្នាំ (កើតថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៨៥)
Phil Bardsley របស់ក្រុម Burnley ជាកីឡាករក្មេងជាងគេ ក្នុងបញ្ជីកីឡាករមានអាយុច្រើនបំផុត ដែលកំពុងប្រកបអាជីពនៅ Premier League។ ខ្សែការពារវ័យ៣៥ឆ្នាំ ចូលលេងបានសរុប ៣៣៥ប្រកួតនៅក្របខណ្ឌកំពូលអង់គ្លេស ជាមួយក្លិប Manchester United, Aston Villa, Sunderland និង ក្លិបបច្ចុប្បន្ន Burnley។
៩. Fernandinho – ៣៥ឆ្នាំ (កើតថ្ងៃទី ៤ ខែឧសភា ឆ្នាំ១៩៨៥)
ដ្បិតមានវ័យចំណាស់បន្ដិចក៏ពិតមែន ប៉ុន្ដែ Fernandinho នៅតែដើរតួយ៉ាងសំខាន់ ក្នុងរយៈពេល៨រដូវកាលជាមួយ Manchester City។ ខ្សែបម្រើការពារប្រេស៊ីលរូបនេះ បានរួមចំណែកជួយឱ្យ ក្លិបមេឃខៀវឈ្នះពាន Premier League ៣លើក សម្រាប់ការបង្ហាញខ្លួន ២២៨ប្រកួត នៅក្នុងលីគ។
៨. Lukasz Fabianski – ៣៥ឆ្នាំ (កើតថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៨៥)
Lukasz Fabianski បានបង្ហាញវត្តមានគ្រប់ការប្រកួតនៅ Premier League សម្រាប់រដូវកាល ២០២០-២១។ អ្នកចាំទីជនជាតិប៉ូឡូញរូបនេះ ប្រកបអាជីពនៅលីគកំពូលអង់គ្លេសជាមួយក្លិបពីរគឺ Arsenal ចន្លោះពីឆ្នាំ ២០០៧ ដល់ ២០១៤ ហើយនឹង West Ham ចាប់ពីឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ន ក្រោយផ្លាស់មកពី Swansea City។
ទោះបីជារួមរស់ជាមួយក្លិបកាំភ្លើងធំអស់រយៈពេលច្រើនឆ្នាំជាង ប៉ុន្ដែ Fabianski បង្ហាញខ្លួនក្នុងការប្រកួតសម្រាប់ West Ham បានច្រើនជាង។
៧. Pablo Hernandez – ៣៥ឆ្នាំ (កើតថ្ងៃទី ១១ ខែមេសា ឆ្នាំ១៩៨៥)
ខ្សែបម្រើអេស្ប៉ាញ Pablo Hernandez ទើបតែចូលលេងបានតែម្ដងប៉ុណ្ណោះ សម្រាប់ក្រុមចំណូលថ្មីនៅលីគកំពូលអង់គ្លេស Leeds United ខុសប្លែកពី៤រដូវកាលកន្លងមក ដែល Hernandez ចូលលេងសឹងគ្រប់ប្រកួតនៅលីគលំដាប់ទី២នៅអង់គ្លេស។
ទោះយ៉ាងណាក្ដី កីឡាករវ័យ៣៥ឆ្នាំរូបនេះ ធ្លាប់បង្ហាញខ្លួន ៥៧ប្រកួតនៅ Premier League នៅរដូវកាល ២០១២-១៣ និង ២០១៣-១៤ ជាមួយក្លិប Swansea City។
៦. Thiago Silva – ៣៦ឆ្នាំ (កើតថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៩៨៤)
ខ្សែការពារឆ្នើមប្រេស៊ីល Thiago Silva បានចូលរួមជាមួយ Chelsea នៅរដូវក្ដៅឆ្នាំ២០២០ ដោយមិនមានតម្លៃផ្ទេរ ក្រោយផុតកុងត្រាពីក្លិបយក្សបារាំង Paris Saint-Germain។ ខ្សែការពារឆ្នើមវ័យ៣៦ឆ្នាំ ចូលលេងបាន៥ប្រកួតសម្រាប់ក្រុមលោក Frank Lampard នៅ Premier League ហើយបានជួយឱ្យពួកគេឈរនៅលេខ៣ ដោយមានគម្លាតតែពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាង Tottenham Hotspur ដែលមាន២០ពិន្ទុ។
៥. Branislav Ivanovic – ៣៦ឆ្នាំ (កើតថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៩៨៤)
នៅក្នុងវ័យ៣៦ឆ្នាំ ខ្សែការពារ Ivanovic បានសម្រេចផ្ទេរមកចូលរួមជាមួយ West Brom នៅដើមរដូវកាល ២០២០-២១ ពីក្លិបរុស្ស៊ី Zenit Saint Pertsburg ប៉ុន្ដែបង្ហាញខ្លួននៅលើទីលានបានតែ៣ប្រកួតប៉ុណ្ណោះ Premier League។
ខ្សែការពារស៊ែប៊ីរូបនេះ ធ្លាប់ប្រកបអាជីពនៅក្របខណ្ឌកំពូលអង់គ្លេស ១០រដូវកាល ជាមួយក្លិបតោខៀវ Chelsea ចន្លោះពីឆ្នាំ ២០០៧ ដល់ ២០១៧ ដោយចូលលេងបាន ២៦១ប្រកួត ព្រមទាំងបានឈ្នះពាន Premier League ៣លើកផងដែរនៅទឹកដី Stamford Bridge។
៤. Wes Morgan – ៣៦ឆ្នាំ (កើតថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៨៤)
Morgan បានចូលរួមជាមួយ Leicester City ខ្សែការពាររូបនេះ បានចូលលេងសឹងគ្រប់ការប្រកួតនៅ Premier League បន្ទាប់ពីបានជួយក្រុមកញ្ជ្រោងខៀវ ឡើងពី Championship នៅរដូវកាល ២០១៤-១៥។ សម្រាប់ពីររដូវកាលដំបូង Morgan ខកខានតែមួយប្រកួតប៉ុណ្ណោះ។ បន្ទាប់ពីបានជួយឱ្យ Leicester ឈ្នះពាន Premier League លើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប នៅរដូវកាល ២០១៥-១៦ ឱកាសនៃការចូលលេងរបស់ Morgan ត្រូវកាត់បន្ថយ ហើយរដូវកាល ២០២០-២១ គេបង្ហាញខ្លួនបានតែ៣ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមលោក Brendan Rodgers។
៣. Phil Jagielka – ៣៨ឆ្នាំ (កើតថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៨២)
Jagielka បានចាប់ផ្ដើមចូលមកកាន់លីគកំពូលអង់គ្លេស ដោយលេងបាន៤ប្រកួតជាមួយក្លិប Sheffield United ដែលប្រូម៉ូតឡើងពីលីគទី២ នៅរដូវកាល ២០០៦-០៧ មុនពេលផ្លាស់ទៅ Everton នៅរដូវកាលបន្ទាប់។ អំឡុងពេលរួមរស់ជាមួយក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Merseyside ខ្សែការពារកណ្ដាលរូបនេះ លេងបាន៣២២ប្រកួតជាមួយ Everton។ ពេលត្រលប់មកចូលរួមជាមួយ Sheffield ជាលើកទី២ Jagielka បង្ហាញវត្តមានលើទីលាន ៦ប្រកួត នៅរដូវកាល ២០១៩-២០ ប៉ុន្ដែមិនទាន់បានចូលលេងនោះទេ សម្រាប់រដូវកាលថ្មីនេះ។
២. Petr Cech – ៣៨ឆ្នាំ (កើតថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៨២)
តាមពិតទៅតួនាទីស្នូលសព្វថ្ងៃរបស់លោកគឺទីប្រឹក្សាបច្ចេកទេសរបស់ Chelsea តែក្រោយពីត្រូវបានលោក Frank Lampard បញ្ចូលឈ្មោះទៅក្នុងបញ្ជីកីឡាករនៅក្នុងក្រុម អ្នកចាំទី Petr Cech បានក្លាយជាកីឡាករទី២នៅ Premier League ដែលមានអាយុច្រើនបំផុត។ Cech បានរ៉ាប់រងតួនាទីជាអ្នកចាំទីក្នុងការប្រកួតសម្រាប់ ក្រុមតោខៀវ ៤៩៤លើក ចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១៥ ហើយបានជួយពួកគេឈ្នះ Premier League ៤ដង មុនពេលផ្លាស់ទៅលេងឱ្យ Arsenal ៤រដូវកាលមុនប្រកាសចូលនិវត្ត។
១. Willy Cabellaro – ៣៩ឆ្នាំ (កើតថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ១៩៨១)
អ្នកចាំទីដៃទី២របស់ក្លិប Chelsea បានឈរនៅកំពូលតារាងចំណាត់ថ្នាក់ កីឡាករចាស់ជាងគេនៅ Premier League ពោលគឺ ៣៩ឆ្នាំ។ កីឡាករអាហ្សង់ទីនរូបនេះ ចូលលេងបានតែ១១ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌកំពូលអង់គ្លេស ៤រដូវកាលជាមួយក្រុមតោខៀវ ចាប់តាំងពីផ្ទេរមកកាន់ទឹកដី Stamford Bridge ពីក្លិបមេឃខៀវ Manchester City នៅក្នុងឆ្នាំ ២០១៧៕