Kevin de Bruyne បានប្រឈមការលំបាកក្នុងការស្ដារគុណផលរបស់ខ្លួនឱ្យប្រសើរឡើង បន្ទាប់ពីខកខានច្រើនប្រកួតសម្រាប់ Manchester City ក្នុងរដូវកាលនេះ បន្ទាប់ពីមានបញ្ហារបួសសរសៃរពួរ។
គេបានអវត្តមាន៩ប្រកួតសម្រាប់ Man City ដោយសាររបួស ហើយត្រលប់មកវិញ ដោយប្ដូរចូលក្នុងការប្រកួតបរាជ័យទល់ Sporting Lisbon កាលពីខែដើមខែវិច្ឆិកា។ គេបន្ដអង្គុយបម្រុងពីរទៅបីសប្ដាហ៍ មុនពេលត្រលប់មកកាន់ជម្រើស១១នាក់ ក្នុងប្រកួតទល់ Nottingham Forest នាដើមខែធ្នូ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ គេបានរួមចំណែកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានមួយគ្រាប់ ក្នុងជ័យជម្នះ ៤-១ លើ West Ham ទោះយ៉ាងណាក្ដី អនាគតរបស់គេពុំទាន់មានភាពច្បាស់លាស់នៅឡើយទេ។
De Bruyne ស្ថិតក្នុងចំណោមសមាជិក៣រូបរបស់ Man City ដែលនឹងផុតកងត្រាជាមួយក្លឹប នាដំណាច់រដូវកាលនេះ ខណៈ Saudi Pro League និង Major League Soccer អាចជាគោលដៅបន្ទាប់របស់គេ ក្នុងការបន្ដអាជីព។
ខ្សែបម្រើជម្រើសជាតិបែលហ្ស៊ិក មានការភ្ជាប់ទៅនឹង MLS នាទីផ្សាររដូវក្ដៅខាងមុខ ដោយមានការចាប់អារម្មណ៍ពី Inter Miami និង San Diego FC ហើយក្លឹបអារ៉ាប៊ សាអ៊ូឌីត Al-Ittihad បានត្រៀមរួចរាល់សម្រាប់ការដាក់សំណើឱ្យគេចុះហត្ថលេខា។ តាំងពីទីផ្សារដោះដូររដូវរងារបានបើកដំណើរការនាដើមខែមករា កីឡាករមានសិទ្ធិចរចាជាមួយក្លឹបបរទេសដោយពុំមានតម្លៃផ្ទេរ មុនកុងត្រារបស់កីឡាកររូបនោះផុតសុពលភាពនាចុងខែមិថុនា។
De Bruyne ស្ថិតក្នុងដំណាក់កាលដ៏លំបាកក្នុងអាជីពរបស់ខ្លួន នាប៉ុន្មានខែចុងក្រោយនេះ ដោយសូម្បីតែអ្នកចាត់ការ Pep Guardiola ក៏ពុំធានាអំពីលទ្ធភាពនៃការបន្ដកិច្ចសន្យាជាមួយគេដែរ។ អ្នកចាត់ការរូបនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ “គេជាកីឡាករសំខាន់សម្រាប់យើង។ ក្លឹបនឹងព្យាយាមក្នុងការចរចាកុងត្រា តែអាស្រ័យទៅលើការលេងរបស់គេរវាងពេលនេះ ដល់ដំណាច់រដូវកាល ដោយពិចារណាទៅលើអាយុ និងកត្តាផ្សេងៗច្រើនទៀត។ ខ្ញុំគិតថាក្លឹបគួរតែគិតគូរអំពីរឿងនេះ”។
ក្នុងការបង្ហាញខ្លួន១៣ប្រកួតនារដូវកាល ២០២៤-២៥ សម្រាប់ក្រុមមេឃខៀវ, De Bruyne រកគ្រាប់បាល់២គ្រាប់ និង assist ៣គ្រាប់ ខណៈក្រុមដឹកនាំដោយលោក Guardiola ឈរនៅលេខ៦ មាន៣៤ពិន្ទុ និងមានគម្លាត២ពិន្ទុពីតំបន់ Top 4៕