អ្នកគាំទ្រសង្វៀនកីឡាកាសពិភពលោក WWE មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកំពូលតារាកីឡាកាស ឬកីឡាចំបាប់រហស្សនាម «The Beast Incarnate» គឺលោក Brock Lesnar ក្នុងវ័យ ៤៩ ឆ្នាំ បានសម្រេចចិត្តវិលត្រឡប់មកកាន់សង្វៀនវិញ ទាំងដែលទើបតែបានបង្ហាញតម្រុយពីការចូលនិវត្តន៍កាលពីមួយខែមុនប៉ុណ្ណោះ។ តាមការចុះផ្សាយរបស់សារព័ត៌មានកីឡា Give Me Sports នៅថ្ងៃទី២០ បានឱ្យដឹងថា ការវិលត្រឡប់មកវិញនៅលើសង្វៀន WWE Raw កាលពីថ្ងៃចន្ទកន្លងទៅនេះ បានលាតត្រដាងពីផែនការណ៍ពិតប្រាកដនាពេលអនាគតរបស់កំពូលអ្នកចំបាប់រូបនេះ បន្ទាប់ពីលោកបានធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកហួសចិត្ត និងរំភើបយ៉ាងខ្លាំង។

ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះបានកើតឡើងនៅក្នុងកម្មវិធី Monday Night Raw ដែលរៀបចំឡើងនៅកីឡដ្ឋាន Greensboro Coliseum Complex ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក នៅថ្ងៃទី១៨។ នៅពេលដែលកីឡាករ Oba Femi បានដើរចូលមកក្នុងសង្វៀនដើម្បីបើកការប្រកួតប្រជែងបើកចំហស្រាប់តែ Brock Lesnar បានបង្ហាញខ្លួនពីខាងក្រោយ និងបានវាយឆ្មក់ទៅលើ Femi ភ្លាមៗតែម្តង។ ជាមួយនឹងការស្លៀកខោខូវប៊យយ៉ាងសាមញ្ញ Lesnar បានធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោពេញសង្វៀន តាមរយៈការប្រើប្រាស់ក្បាច់ពិសេសប្រចាំត្រកូលរបស់ខ្លួនគឺ F-5 ទៅលើ Femi ចំនួន ៤ ដងជាប់ៗគ្នា រហូតធ្វើឱ្យដៃគូដេកដួលនៅលើសង្វៀនទាំងការឈឺចាប់។
ការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានវាយបកទៅលើពាក្យចចាមអារ៉ាមទាំងឡាយដែលថា លោកនឹងត្រូវចូលនិវត្តន៍ពីសង្វៀនកីឡាកាស។ កាលពីខែមុន នៅក្នុងព្រឹត្តិការណ៍ WrestleMania 42 ដែលបានប្រារព្ធឡើងនៅទីក្រុង Las Vegas រដ្ឋ Nevada លោក Brock Lesnar បានចាញ់កីឡាករ Femi ក្នុងរយៈពេលត្រឹមតែ ៤ នាទី និង ៤២ វិនាទីប៉ុណ្ណោះ ដែលនៅពេលនោះលោកបានបង្ហាញការទន់ជ្រាយរហូតស្រក់ទឹកភ្នែក និងបានដោះស្រោមដៃព្រមទាំងស្បែកជើងដាក់នៅចំកណ្តាលសង្វៀន ដែលជាសញ្ញាតំណាងឱ្យការបញ្ចប់អាជីពជាអ្នកចំបាប់អាជីព។

បន្ទាប់ពីការប្រកួតនាពេលនោះ Lesnar ក៏បានឱបយ៉ាងកក់ក្តៅជាមួយមិត្តសម្លាញ់ និងជាអ្នកចាត់ការផ្ទាល់ខ្លួនគឺលោក Paul Heyman ព្រមទាំងបានបក់ដៃលាអ្នកគាំទ្រ ស្របពេលដែលទស្សនិកជនបានស្រែករួមគ្នាថា «សូមអរគុណ Lesnar»។ លើសពីនេះទៅទៀត លោក Paul Heyman ក៏ធ្លាប់បានថ្លែងការណ៍ថាដ៏មានអត្ថន័យ ដោយបញ្ជាក់ថា Lesnar នឹងមិនស្ថិតនៅក្នុងបច្ចុប្បន្នទៀតទេ ប៉ុន្តែលោកនឹងក្លាយជាឥស្សរជនដ៏អស្ចារ្យជារៀងរហូតនៅក្នុងប្រវត្តិសាស្ត្រ WWE។
ទោះជាយ៉ាងណាក៏ដោយ ខាងស្ថាប័ន WWE មិនដែលបានប្រកាសជាផ្លូវការអំពីការចូលនិវត្តន៍របស់ Lesnar នោះឡើយ ហើយលោក Triple H ដែលជាប្រធានផ្នែកមាតិកាក៏បានបង្ហើបថា ឈុតឆាករំជួលចិត្តកាលពីខែមុននោះ គឺមិនមាននៅក្នុងស្គ្រីបគ្រោងទុកឡើយ។ ការវិលត្រឡប់មកវិញនេះ បានបង្ហាញច្បាស់ថាកិច្ចសន្យាដ៏មានតម្លៃមួយបានធ្វើឱ្យ Lesnar ប្តូរចិត្ត ហើយគេរំពឹងថាព្រឹត្តិការណ៍ WWE SummerSlam ដែលនឹងត្រូវរៀបចំឡើងនៅក្នុងរដ្ឋ Minnesota ដែលជាស្រុកកំណើតរបស់លោកនាខែសីហាខាងមុខនេះ ទើបជាសង្វៀនលាឈប់ពិតប្រាកដ។

បច្ចុប្បន្ននេះ ការប្រកួតសងសឹកដ៏ធំរវាង Brock Lesnar និង Oba Femi ត្រូវបានបញ្ជាក់ជាផ្លូវការហើយ ដោយអ្នកទាំងពីរនឹងត្រូវតតាំងគ្នានៅក្នុងព្រឹត្តិការណ៍ «Clash in Italy» នាចុងខែនេះ។ មហាជន និងអ្នកស្នេហាវិស័យកីឡាកាសកំពុងតែទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសារថា តើស្ថាប័ន WWE នឹងតម្រង់ទិសដៅរឿងរ៉ាវរបស់កំពូលតារាឆ្នើមទាំងពីររូបនេះទៅជាយ៉ាងណា បន្ទាប់ពីការប្រកួតលើកដំបូងរបស់ពួកគេត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្តូរជំនាន់ដ៏សំខាន់មួយ។
