បរាជ័យរដូវកាលមុន គឺជាទុនសម្រាប់ភាពរឹងមាំ! ក្រុមភ្នំដាមហានគរ ខេត្តតាកែវ បញ្ជាក់ជំហរយ៉ាងច្បាស់ថានឹងចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្តេចតេជោ រដូវកាលនេះ ដោយគ្មានការស្ទាក់ស្ទើរ។
បើយោងតាមការលើកឡើងរបស់លោក ឯម ទិត្យា មន្ត្រីតំណាងក្លឹប បានឱ្យដឹងថា ការរៀបចំក្រុមលើកនេះគឺកាន់តែមានរបៀបរៀបរយ និងខ្លាំងក្លាជាងមុន ខណៈដែលថ្នាក់ដឹកនាំនៅតែបន្តរក្សាឆន្ទៈមុតមាំក្នុងការជំរុញក្រុមឱ្យទៅមុខ។
ក្លិបបាល់ទាត់ភ្នំដាមហានគរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៥ ក្រោមគំនិតផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំខេត្តតាកែវ ជាពិសេសឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដើម្បីមានក្រុមចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៥/២០២៦ កន្លងទៅដែលជារដូវកាលដំបូងរបស់ខ្លួន ក្លិបបាល់ទាត់ភ្នំដាមហានគរ មិនបានឆ្លងផុតវគ្គចែកពូលឡើយ។ សម្រាប់រដូវកាលថ្មីនេះ ភ្នំដាមហានគរ ស្ថិតក្នុងពូល “គ” ដែលមានក្រុមភ្នំពេញហ្គាឡាក់ស៊ី សមាគមកីឡាបាល់ទាត់កណ្ដាល និងក្រុមមន្ទីរអប់រំ យុវជន និង កីឡាខេត្តកំពង់ស្ពឺ។
ក្រុមតំណាងខេត្តតាកែវ បានបើកឆាកវគ្គចែកពូល ដោយស្មើក្រុមម្ចាស់ផ្ទះភ្នំពេញហ្គាឡាក់ស៊ី ៣ទល់នឹង៣ កាលរសៀលថ្ងៃអង្គារ ទី២១ ខែកក្កដា នាទីលានវិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ៕
