ភ្នំពេញ៖ «ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ ពីថ្ងៃទី១៥-២១ ខែសីហា ខាងមុខ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រកួតប្រជែងមេដាយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការរីកចម្រើន និងជាកាលានុវត្តភាពមាសក្នុងការនាំមកនូវផលចំណេញយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជាទាំងមូល»។ នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកមិញ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ «ព្រឹត្តិការណ៍ថ្នាក់តំបន់ដែលធ្វើឡើងនៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ ទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាវាយសីពិភពលោក (BWF) និងសហព័ន្ធកីឡាវាយសីអាស៊ី (Badminton Asia)។ ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់អន្តរជាតិមកលើសន្តិសុខ ស្ថិរភាព និងសមត្ថភាពនៃការរៀបចំរបស់ប្រទេសយើង»។
ទាក់ទិននឹងផលចំណេញ និងការត្រៀមខ្លួន ឯកឧត្តម កែវ រស់ បានបញ្ជាក់បន្ថែមថា៖ «ការធ្វើជាម្ចាស់ផ្ទះលើកនេះ ផ្តល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រជារួមដល់ជាតិយើង រាប់ចាប់ពីការលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ការជំរុញសេដ្ឋកិច្ចតាមរយៈការស្នាក់នៅ និងហូបចុករបស់ប្រតិភូភ្ញៀវ រហូតដល់ការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងវប្បធម៌ខ្មែរ។ ចំពោះការងារបច្ចេកទេស ដឹកជញ្ជូន ស្នាក់នៅ ពិធីការ សន្តិសុខ និងសុខាភិបាល គឺក្រុមការងារយើងបានត្រៀមខ្លួនរួចរាល់ និងមានវឌ្ឍនភាពល្អប្រសើរណាស់»។
អគ្គលេខាធិការរូបនេះ បានបន្ថែមពីសមាសភាពចូលរួមថា៖ «ព្រឹត្តិការណ៍នេះមាន ៧ប្រទេសចូលរួម គឺម្ចាស់ផ្ទះកម្ពុជា ព្រុយណេ ឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងវៀតណាម។ ចំពោះប្រទេសភ្ញៀវទាំង ៦ គឺមានកីឡាករ-កីឡាការិនីចំនួន ១២នាក់ក្នុងមួយប្រទេស។ ដោយឡែក ម្ចាស់ផ្ទះកម្ពុជាយើង បានត្រៀមប្រកួតលើ ៣កម្រិតអាយុ សរុប ១៩នាក់ ក្នុងនោះមាន U23 ចំនួន ៦នាក់, U19 ចំនួន ៧នាក់ និង U16 ចំនួន ៦នាក់»។
ជាទីបញ្ចប់ ឯកឧត្តម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តថា៖ «គ្រប់គណៈកម្មការទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការប្រឹងប្រែងរៀបចំឱ្យព្រឹត្តិការណ៍ទាំងមូលដំណើរការទៅដោយរលូន និងជោគជ័យបំផុត។ ជាមួយគ្នានេះ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់យើងទាំងអស់ ក៏បានប្តេជ្ញាចិត្តប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភីជូនជាតិមាតុភូមិ ក្នុងនាមជាម្ចាស់ផ្ទះ»៕


