កីឡាជាតិឆ្នាំនេះជាការត្រៀមដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

0 នាទីអាន

ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ គឺជាការត្រៀមយ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន៣។

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ព្រឹត្តិការណ៍អន្តរជាតិធំៗទាំង៣ដែលកម្ពុជានឹងធ្វើជាម្ចាសផ្ទះ គឺ ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ ២០២៨ ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមអាស៊ី ២០២៩ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០៣១។

ឯកឧត្ដមរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់ គឺបង្ហាញសក្ដានុពលរបស់កម្ពុជាដែលអាចធ្វើជាម្ចាស់ផ្ទះការប្រកួតធំៗ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រព្រឹត្តិការណ៍ទៅពីថ្ងៃទី៥ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ ចំណែកពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ការប្រកួត គឺកីឡាជាតិមាន៣២ប្រភេទកីឡា និងកីឡាជាតិជនពិការមាន១០ប្រភេទកីឡា សរុប៣០៤វិញ្ញាសា ខណៈគ្រូបង្វឹក និងអត្តពលិកមាន៤៧៧៣នាក់។

សមាសភាពប្រតិភូចូលរួមប្រកួតប្រជែងមានមកពី២៥រាជធានី ខេត្ត និង៣ក្រសួង គឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះទីតាំងប្រកួត គឺនៅរាជធានីភ្នំពេញមាន១៧ទីលាន ស្របពេលខេត្តកែប រៀបចំកីឡាទ្រីអាត្លុង ខេត្តស្វាយរៀង រៀបចំកីឡាទូកកានូ កាយ៉ាក និងខេត្តកំពង់ឆ្នាំង មានការប្រកួតទោចក្រយាន៕