អនាគត Grealish នៅ Everton នឹងទៅជាយ៉ាងណា ក្រោយគ្មានឈ្មោះប្រកួតដោយសារល្មើសវិន័យក្រុម?

1 នាទីអាន

តើការមិនគោរព​វិន័យនឹងបំផ្លាញអាជីពបាល់ទាត់របស់ខ្សែបម្រើអង់គ្លេស Jack Grealish ឬយ៉ាងណា បន្ទាប់ពីត្រូវបានដកឈ្មោះចេញពីបញ្ជីក្រុម Everton ពីរប្រកួតជាប់គ្នា។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានខកខានការប្រកួតដ៏សំខាន់ចំនួនពីរលើកជាប់ៗគ្នា ដែល Everton បានយកឈ្នះលើក្រុម Newcastle United ទាំងពីរដងក្នុងសប្តាហ៍នេះ ដោយសារតែបញ្ហាវិន័យ។

បញ្ហាចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ ក្នុ​ងការប្រកួត​ League Cup ដែល Everton យកឈ្នះ Newcastle ៣-១។ កាលណោះ ក្លឹបបានសម្រេចចិត្តដក Grealish ចេញពីបញ្ជីឈ្មោះប្រកួតភ្លាមៗ បន្ទាប់ពីរូបគេបានអវត្តមានពីការហ្វឹកហាត់ដោយគ្មានការអនុញ្ញាត។

រហូតមកដល់ការប្រកួត Premier League កាលពីថ្ងៃចន្ទនៅទឹកដី St James’ Park ដែល Everton បានយកឈ្នះក្រុមសារិកាព្រៃ ១-០ តាមរយៈគ្រាប់បាល់ជ័យជម្នះរបស់ Thierno Barry ឈ្មោះរបស់ Grealish នៅតែមិនទាន់មានក្នុងបញ្ជីក្រុមដដែល។ ទោះបីជាភាគីក្លឹប Everton បានសម្រួលស្ថានការដោយអះអាងថា ការអវត្តមានលើកទីពីរនេះគឺដោយសារបញ្ហាកាយសម្បទាមិនទាន់គ្រប់គ្រាន់ក៏ដោយ ប៉ុន្តែលោក Moyes មិនបានបកស្រាយលម្អិតឡើយនៅក្រោយបញ្ចប់ការប្រកួត។

អ្នកចាត់ការជនជាតិស្កុតឡែនរូបនេះ គ្រាន់តែបង្ហើបថា Grealish នៅតែមានឱកាសត្រឡប់មកជួយក្រុមវិញ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានទេថា តើកីឡាកររូបនេះនឹងត្រូវអវត្តមានរហូតដល់ពេលណានោះទេ។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC Sport លោក Moyes បានបញ្ជាក់ថា៖ «រូបគេ (Grealish) មិនទាន់អាចចូលលេងបានទេនៅពេលនេះ ហើយពួកយើងនឹងធ្វើការសម្រេចចិត្តរួមគ្នាជាមួយក្លឹប នៅពេលដែលយើងយល់ថារូបគេត្រៀមខ្លួនរួចរាល់» «អ្វីដែលខ្ញុំអាចប្រាប់បាននៅពេលនេះ គឺគេមិនទាន់អាចចូលលេងបានទេ។ ចំពោះរឿងផ្សេងទៀត ខ្ញុំមិនអាចនិយាយបានឡើយ»។

សម្រាប់ការប្រកួតបន្ទាប់របស់ Everton ត្រូវបើកទ្វារស្វាគមន៍ Coventry នាថ្ងៃសុក្រខាងមុខ ប៉ុន្តែលោក Moyes នៅតែមិនទាន់ប្រាកដថា Grealish នឹងមានឈ្មោះចូលរួមវិញ ឬយ៉ាងណានោះទេ។ យ៉ាងណាមិញ នៅពេលសួរថា តើកីឡាកររូបនេះនៅមានអនាគតជាមួយក្លឹបដែរឬទេ លោកបានអះអាងថា៖ «ប្រាកដណាស់ គេនៅតែមានឱកាសត្រឡប់មកវិញ»។

Grealish កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនៅអាជីពបាល់ទាត់របស់ខ្លួន ដោយបច្ចុប្បន្នគេលេងក្រោមលក្ខខណ្ឌខ្ចីប៉ុណ្ណោះ នៅទឹកដី Goodison Park បន្ទាប់ពីបាត់បង់តំណែងជម្រើសដំបូងនៅ Manchester City—ដែលជាក្លឹបធ្លាប់បានទិញរូបគេក្នុងតម្លៃខ្លួនរហូតដល់ ១០០ លានផោនកាលពីឆ្នាំ ២០២១៕

TAGGED: