បុរសវ័យ ៩០ ឆ្នាំ ចូលរួមប្រកួតកាយវប្បកម្មដើម្បីជំរុញមនុស្សគ្រប់រូបឱ្យមានភាពសកម្ម និងឈ្នះខ្លួនឯង

1 នាទីអាន

លោក Toshisuke Kanazawa បុរសកាយវប្បកម្ម (អ្នកលើកដុំដែក) ជប៉ុន វ័យ ៩០ ឆ្នាំ បានឡើងសម្តែងរាងកាយលើឆាកប្រកួតនៅទីក្រុង Santa Susanna តំបន់ Costa del Maresme នៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រកន្លងទៅ ក្នុងបំណងបង្ហាញថា «អាយុគ្រាន់តែជាតួលេខ» និងមិនមែនជាឧបសគ្គសម្រាប់កាយសម្បទារឹងមាំនោះទេ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតរៀបចំឡើងដោយសហព័ន្ធកាយវប្បកម្ម និងកាយសម្បទាអន្តរជាតិ (IFBB) លើវិញ្ញាសា Masters (សម្រាប់អត្តពលិកអាយុចាប់ពី ៥០ ឆ្នាំឡើង) លោក Kanazawa បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកត្រូវប្រកួតប្រជែងជាមួយគូប្រជែងដែលមានអាយុក្មេងជាងលោកជាច្រើនទសវត្សរ៍។ នៅក្រោយឆាក លោកបានរៀបចំខ្លួនដូចជាអត្តពលិកវ័យក្មេងដែរ ដោយមានការកម្តៅសាច់ដុំ និងបាញ់ថ្នាំស្បែកឱ្យឡើងពណ៌ត្នោត មុននឹងឡើងបង្ហាញរាងកាយក្រោមពន្លឺភ្លើងឆាក។

លោក Kanazawa បានថ្លែងថា៖ «ខ្ញុំចូលចិត្តធ្វើអ្វីដែលគ្មាននរណាធ្លាប់ធ្វើ ហើយលើសពីនេះ ខ្ញុំចង់បន្តធ្វើកាយវប្បកម្មនេះរហូតដល់ផុតដង្ហើម»។ លោកបានបញ្ជាក់ថា អាយុយឺនយូរ និងកាយសម្បទារឹងមាំរបស់លោក គឺកើតចេញពីទម្លាប់នៃការហូបចុកយ៉ាងម៉ត់ចត់ ដែលលោកបានប្រតិបត្តិតាំងពីច្រើនទសវត្សរ៍មុន។
«នេះជាអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវ និងចង់រៀនបន្ថែមទៀត។ ប៉ុន្តែចាប់តាំងពីខ្ញុំអាយុ ៥០ ឆ្នាំមក ខ្ញុំបានកសាងសាច់ដុំដោយញ៉ាំអាហារបែបជប៉ុនសុទ្ធសាធ គឺ៖ បាយអង្ករសម្រូប សណ្តែកបណ្តុះផ្អាប់ (Natto) និងស៊ុបមីសូ (Miso soup)»។ លោកបន្ថែមថា៖ «វាជាវិធីសាស្ត្រហូបចុកតាមបែបបុរាណជប៉ុនពិតៗ។ អាស្រ័យលើអាហារទាំងនេះ ខ្ញុំអាចរស់នៅរហូតដល់អាយុ ៩០ ឆ្នាំ ដោយមិនដែលឈឺឡើយ»។
ទោះបីជាការប្រកួតលើកនេះ លោកមិនបានឈ្នះមេដាយ ឬឡើងឈរលើវេទិកាកិត្តិយស (Podium) ក៏ដោយ ប៉ុន្តែលោក Kanazawa នៅតែផ្តោតលើការរុញច្រានដែនកំណត់នៃកីឡាមួយនេះ ដោយលោកបានគ្រោងទុកនូវការបង្ហាញខ្លួនចុងក្រោយបង្អស់ មុននឹងលាឈប់ពីការប្រកួត។
«ខ្ញុំគិតថា ខ្ញុំប្រហែលជាសាកល្បងប្រកួតម្តងទៀតនៅពេលអាយុ ៩៣ ឆ្នាំ។ បន្ទាប់ពីនោះ ខ្ញុំប្រហែលជាត្រូវចូលនិវត្តន៍ហើយ»។ លោកបញ្ជាក់ថា៖ «ពេលយើងចាស់ទៅ រលកស្បែក និងស្នាមជ្រីវជ្រួញចាប់ផ្តើមកើតមានច្រើន។ នៅជប៉ុន មានទស្សនៈមួយថា ពេលមានស្នាមជ្រីវជ្រួញបែបនេះ វាមើលទៅមិនសូវស្អាតទៀតទេ»។

ទោះជាយ៉ាងណា គោលបំណងធំបំផុតរបស់លោក Kanazawa គឺការប្រើប្រាស់ភាពតស៊ូរបស់លោក ដើម្បីបំផុសគំនិតមនុស្សជំនាន់ក្រោយ និងមនុស្សវ័យជ្រែ ឱ្យបន្តធ្វើសកម្មភាពរាងកាយ និងជម្នះរាល់ដែនកំណត់។

«នៅពេលអ្នកតាំងចិត្តធ្វើអ្វីមួយ អ្នកត្រូវបង្កើតកម្លាំងចិត្ត និងឆន្ទៈមោះមុត ដើម្បីសម្រេចវាឱ្យទាល់តែបាន ទោះជាមានអ្វីកើតឡើងក៏ដោយ»។ លោក Kanazawa បានលើកឡើងបន្ថែមថា៖ «ខ្ញុំចង់ឱ្យអ្នកដទៃខិតខំប្រឹងប្រែងដូចរូបខ្ញុំដែរ។ ខ្ញុំជឿថា ប្រសិនបើពួកគេធ្វើបាន យើងនឹងឃើញមនុស្សរឹងមាំដូចរូបខ្ញុំកាន់តែច្រើន ទោះបីជាពួកគេចាស់ទៅក៏ដោយ។ នោះហើយជាអ្វីដែលខ្ញុំរំពឹងទុក ហើយខ្ញុំចង់ធ្វើជាគំរូដ៏ល្អមួយសម្រាប់ពួកគេ»។