តារាគុនខ្មែរសម្បូរប្រជាប្រិយភាព សុខ ធី ត្រូវបានបង្ហើបពីឱកាសបង្ហាញខ្លួនជាលើកដំបូង សម្រាប់ឆ្នាំថ្មី២០២១នេះ លើសង្វៀនលំដាប់អន្តរជាតិ One Championship នៅពេលដ៏ខ្លីខាងមុខ ប្រសិនអ្វីៗដំណើការទៅតាមគម្រោងដោយប្រក្រតី។ នេះបើតាមការបង្ហើបលើទំព័រផ្លូវការរបស់ក្លិប Cambodia Top Team កាលថ្ងៃពុធទី ៣មីនា ម្សិលមិញ។
ទាក់ទងនឹងការព័ត៌មានដែលកំពុងស្រូបទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកនិយមគុនខ្មែរមួយនេះ លោក ហ៊ុន ចាន់រាជ្យ ស្ថាបនិកក្លិប Cambodia Top Team ដែលជាប្រភពបង្ហើបនូវព័ត៌មាននេះ បានបញ្ជាក់មក ក្រុមកាងារ AMS Sports នៅព្រឹកថ្ងៃ ព្រហស្បត៍នេះថា សុខ ធី ពិតជាត្រូវបាន One ចុចឈ្មោះហៅ សម្រាប់ការប្រកួតលើទឹកដី សិង្ហបុរី ក្នុងពេលដ៏ខ្លីខាងមុខ។ លោកថា កាលបរិច្ឆេទនៃការប្រកួត មិនទាន់ត្រូវប្រកាសជាផ្លូវការនៅឡើយ។ ប៉ុន្តែ សុខ ធី នឹងត្រូវចេញដំណើរទៅកាន់ សិង្ហបុរី នៅថ្ងៃទី ៨មីនា ខណៈការប្រកួតអាចធ្វើនៅចុងខែ មីនា នេះ រឺក៏ដើមខែ មេសា ឯណោះ។