អ្នកស្នងគុនខ្មែរមកពីដែនដីសមុទ្រខេត្តកោះកុង បាង កាយ៉ាក បានបង្ហើបថាគ្រោងនឹងដកខ្លួនពីសង្វៀនមួយរយៈដើម្បី ត្រលប់ទៅកាន់ស្រុកកំណើត មើលថែទាំសុខភាពឡើងវិញ។ កូនសិស្សលោក អេ ភូថង ឲ្យក្រុមកាងារ AMS Sports ដឹងថា មួយរយៈចុងក្រោយនេះ រូបគេមានបញ្ហាសុខភាពជាបន្តបន្ទាប់ រួមនឹងបញ្ហាកដៃទាំងសងខាង ដែលធ្វើឲ្យប៉ះពាល់មួយកម្រិតធំដល់ សមត្ថភាពរបស់ខ្លួន គឺមិនអាចហ្វឹកហាត់បានពេញ និងប្រកួតបានល្អ ជាដើម។
បាង កាយ៉ាក នៅមានការប្រកួតដ៏សំខាន់មួយក្នុងដៃ គឺការប្រឈមមុខជាមួយ លៀប រដ្ឋា ក្នុងវគ្គចាញ់ធ្លាក់កម្មវិធី King of Fighter ដែលនឹងឈាមមកដល់នៅប្រមាណ២សប្ដាហ៍ទៀត។ រូបគេអាចនឹងដកឃ្លារពីសង្វៀន បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ដើម្បីបំប៉នសុខភាពឲ្យល្អប្រសើរឡើងវិញ។