ភ្នំពេញ៖ ឯម សុវណ្ណារី កីឡាការិនីកូនខ្មែរ-អាមេរិ ដែលទើបតែផ្តួលកីឡាការិនីរបស់កូរ៉េខាងត្បូង Choi Jeong Yun បានបង្ហាញភាពជឿជាក់ខ្លាំងទៅលើសមត្ថភាពរបស់ខ្លួនថានឹងអាចយកឈ្នះលើអ្នកប្រយុទ្ធរបស់អាមេរិក Colbey Northcut ក្នុងភាគរយខ្ពស់បំផុត សម្រាប់ការប្រកួត ONE Championship នៅលើទឹកដីសិង្ហបុរី នារាត្រីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១។
បើយោងតាម សុវណ្ណារី ប្រាប់ការសែត ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បន្ទាប់ពីខ្ញុំបានផ្ដួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ឱ្យសន្លប់នៅក្នុងទឹកទី២ នៃការប្រកួត ONE Championship នៅប្រទេសសិង្ហបុរី កាលពីខែមករា ឆ្នាំ ២០២១ កន្លងទៅនោះ ម្ចាស់កម្មវិធីនៃសង្វៀន ONE បានលើកទឹកចិត្ត និងសម្រេចដាក់ឱ្យរូបខ្ញុំ បន្តប្រកួតជាមួយនឹងជើងខ្លាំងម្នាក់នៅប្រទេសអាមេរិក គឺ Colbey Northcut ក្នុងព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ នៅលើទឹកដីប្រទេសសិង្ហបុរី ដដែល»។
កីឡាការិនីដែលចង់វិវឌ្ឍខ្លួននៅសង្វៀន ONE Championship ហើយក៏មានបំណងចង់ក្លាយជាកីឡាការិនីជម្រើសជាតិកម្ពុជា ឯម សុវណ្ណារី បានបន្ថែមថា៖ «កីឡាការិនី Colbey Northcut ជាជើងខ្លាំងម្នាក់ ដែលមានបទពិសោធប្រកួតច្រើន ប៉ុន្តែខ្ញុំបានតាំងចិត្តយកឈ្នះឱ្យបាន គឺខ្ញុំមានសង្ឃឹមយកឈ្នះរហូតដល់ ៩០ ភាគរយ សម្រាប់ការប្រកួតលើកនេះ»។
កីឡាការិនីកូនខ្មែរ-អាមេរិក វ័យ ២៤ ឆ្នាំ ឯម សុវណ្ណារី មានឪពុកម្តាយជាខ្មែររស់នៅសហរដ្ឋអាមេរិក ហើយនាងបានកើតនៅទីនោះ។ សុវណ្ណារី ធ្លាប់ប្រកួតបាន ៥ លើក នៅសង្វៀន ONE ដោយឈ្នះ ៤ និងចាញ់ ១ ដង ហើយការប្រកួតនៅខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ នឹងក្លាយជាការប្រកួតលើកទី៦ ក្នុងអាជីពរបស់នាង៕