ក្រុម Atletico Madrid បានបោះជំហានទៅមុខមួយជំហានទៀតទៅជិតភាពជាជើងឯក La Liga ២០២០-២១ បន្ទាប់ពីផ្ដួល Real Sociedad ២-១យប់មិញ។
Atletico ដែលខានឈ្នះជើងឯកលីគកំពូលអេស្ប៉ាញតាំងពី២០១៤មក បាននាំមុខ២គ្រាប់មុនដោយ Yannick Carrasco ក្នុងនាទី១៦ និង Angel Correa ក្នុងនាទី២៨ មុនពេល Igor Zubeldia រកបានគ្រាប់លួងចិត្តសម្រាប់ក្រុមភ្ញៀវក្នុងនាទី៨៣។
ខ្សែបម្រើបែលហ្ស៊ិក Carrasco ស៊ុតចូល៤គ្រាប់និងអាស៊ីស៤គ្រាប់ក្នុងការលេង La Liga ៧ប្រកួតចុងក្រោយសម្រាប់ Atletico។
ក្រុមលោក Diego Simeone ពេលនេះមាន៨០ពិន្ទុពី៣៦ប្រកួត នៅលើក្រុមលេខ២ Barcelona ចំនួន៤ពិន្ទុ និងលើក្រុមលេខ៣ Real Madrid ចំនួន៥ពិន្ទុ តែគូប្រជែងខាងក្រោយលេងតិចជាង១ប្រកួត។ Real ត្រូវលេងនៅទឹកដី Granada ម៉ោង៣យប់ថ្ងៃព្រហស្បតិ៍នេះ ហើយលោក Zinedine Zidane បានចុះឈ្មោះខ្សែការពារតែ៤នាក់ប៉ុណ្ណោះក្នុងបញ្ជីសម្រាប់ការប្រកួត។
Atletico នឹងឈ្នះជើងឯកលីគកំពូលអេស្ប៉ាញជាលើកទី១១ក្នុងប្រវត្តិសាស្ត្រពួកគេ ប្រសិនពួកគេឈ្នះ២ប្រកួតចុងក្រោយដែលនៅសល់ ឬក្នុងករណីគូប្រជែងធំៗទាំង២ខាងលើធ្វើមិនបានល្អក្នុងការប្រកួតដែលនៅសល់។
Atletico នឹងទទួលក្រុមលេខ១១ក្នុងតារាង Osasuna នាថ្ងៃអាទិត្យទី១៦ខែឧសភា មុនពេលបញ្ចប់រដូវកាលមួយសប្ដាហ៍បន្ទាប់នៅទឹកដី Real Valladolid ដែលជាក្រុមកំពុងឈរលេខរៀងទី១៨។
Real Madrid ជាគូប្រជែងដែលមានភាពគំរាមកំហែងជាងគេរបស់ Atletico បើក្រុមនេះឈ្នះ Granada យប់នេះ។ លើសពីនេះ ប្រសិនទីបញ្ចប់ Real និង Atletico មានពិន្ទុស្មើគ្នា ពាននឹងបានលើ Real ព្រោះមានប្រៀប head-to-head។ ដូច្នេះ Atletico មុខជាមិនត្រូវបណ្ដោយឱ្យរបូតពិន្ទុឡើយ៕