លោក Alexandre Mano Polking សញ្ជាតិប្រេស៊ីល-អាល្លឺម៉ង់ ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិថៃដើម្បីរៀបចំក្រុមត្រៀមប្រកួតពាន AFF Suzuki Cup 2020 ដែលត្រូវបានលើកមកធ្វើនៅចុងឆ្នាំ២០២១នេះ។
លោក Polking វ័យ៤៥ឆ្នាំ មិនមែនមនុស្សថ្មីក្នុងបាល់ទាត់ថៃទេ ពោលគឺលោកធ្លាប់ធ្វើការជាគ្រូជំនួយជម្រើសជាតិថៃរវាងឆ្នាំ២០១២-២០១៣ រួចក្លាយជាគ្រូបង្គោលក្លិបថៃ៣ផ្សេងគ្នា រួមមាន Army United (២០១៣), Suphanburi (២០១៤) និង Bangkok United (២០១៤-២០២០) មុនទៅវៀតណាម ដឹកនាំក្រុម Ho Chi Minh City FC រយៈពេលខ្លី។
លោក Polking កើតនៅប្រេស៊ីលក្នុងឆ្នាំ១៩៧៦ តែបានផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅអាល្លឺម៉ង់ក្នុងក្លិប VfB Fichte Bielefeld (2001-2003), រួចលេងឱ្យ Arminia Bielefeld (2003-04) និង SV Darmstadt 98 (2004-05) មុនផ្លាស់ទៅលីគស៊ីប (Cyprus) លេងឱ្យ Olympiakos Nicosia (2005-06), APOEL (2006) រួចព្យួរស្បែកជើងនៅ Olympiakos Nicosia ក្នុងឆ្នាំ២០០៧។
លោកបានផ្ដើមការងារជាគ្រូបង្វឹកក្នុងឆ្នាំ២០០៨ ដោយធ្វើជាជំនួយការរបស់លោក Winfried Schafer នៅក្លិបអារ៉ាប់រួម Al Ain FC ហើយក្នុងឆ្នាំ២០១០លោកទៅធ្វើជាជំនួយការលោក Schafer នៅក្លិបអាហ្សៃបៃហ្សង់ FC Baku។ លោកមកថៃក្នុងឆ្នាំ២០១២ គឺមកធ្វើជំនួយការលោក Schafer ជាលើកទី៣នៅក្នុងក្រុមជម្រើសជាតិថៃ៕