ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដម សៅ សុខា មានប្រសាសន៍ថាកម្ពុជានឹងធ្វើការឱ្យបានល្អបំផុតដើម្បីធានាថាព្រឹត្តិការណ៍ AFF U23 Championship 2022 ដំណើរការដោយជោគជ័យនិងសុវត្ថិភាព បន្ទាប់ពីទទួលបានការជឿជាក់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ក្នុងការឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំក្រោយ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានផ្ដល់សិទ្ធិឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ ដោយដំណើរការពីថ្ងៃទី១៤ដល់២៦ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍របស់ក្លិបវិសាខា។
ក្នុងនោះដែរ AFF បានផ្ដល់សិទ្ធិផ្ដាច់មុខខាងពាណិជ្ជកម្មដល់ក្រុមហ៊ុនទីផ្សារ SPORTFIVE ដែលធ្វើការជាមួយ AFF ជាយូរមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។
ឯកឧត្ដម សៅ សុខា ប្រធាន FFC មានប្រសាសន៍តាម Aseanfootball.org ថា៖ «ពួកយើងមានសេចក្ដីសោមនស្សក្នុងការធ្វើជាម្ចាស់ផ្ទះ AFF U23 Championship នៅកម្ពុជាក្នុងឆ្នាំ២០២២ និងសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍សម្រាប់ការទុកចិត្តលើកម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍នេះដោយជោគជ័យ។ ពួកយើងនឹងធ្វើឱ្យបានល្អបំផុតដើម្បីធានាថាព្រឹត្តិការណ៍នេះនឹងដំណើរការដោយសុវត្ថិភាពសម្រាប់គ្រប់គ្នាដែលពាក់ព័ន្ធហើយពួកយើងកំពុងអន្ទះសារក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ដ៏ល្អបំផុតនៅអាស៊ាននេះនៅឆ្នាំក្រោយ»។
ចំណែក ឯកឧត្ដម ខៀវ សាម៉េត ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ តំណាងឱ្យសហព័ន្ធសមាជិកទាំងអស់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏រំភើបមួយនេះ។
AFF U23 Championship 2022 នឹងចាប់ផ្ដើមពីថ្ងៃទី១៤ដល់២៦ខែកុម្ភៈក្នុងប្រទេសកម្ពុជា។ ចំនួនក្រុមចូលរួម និងកាលវិភាគប្រកួតនឹងត្រូវបានបញ្ជាក់នៅពេលបន្ទាប់។
សូមរំឭកថា កាលពីឆ្នាំ២០១៩ កម្ពុជា បានធ្វើម្ចាស់ផ្ទះ AFF U22 Championship 2019 ដោយកាលណោះ ឥណ្ឌូនេស៊ី ជាជើងឯក ក្រោយឈ្នះ ថៃ ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈកម្ពុជាលេខ៤ ក្រោយចាញ់វៀតណាម០-១ ក្នុងវគ្គដណ្ដើមលេខ៣៕