ខ្សែប្រយុទ្ធលេចធ្លោ យ៉ុន យ៉ើនរបស់ក្រុម កំពង់ស្ពឺ-ណាហ្គាវេីលដ៍ ជាកីឡាការិនីបាល់ទាត់ដំបូងបង្អស់នៅកម្ពុជា ដែលទទួលបានការឧបត្ថម្ភស្បែកជើងសម្រាប់ការហ្វឹកហាត់ និង សម្រាប់ការប្រកួតពីក្រុមហ៊ុន Adidas។
សកម្មភាពនេះបានបង្ហាញពីលើកទឹកចិត្តកីឡាការិនី ដែលបានបង្ហាញភាពលេចធ្លោខ្លាំងនៅក្នុងការប្រកួត ឱ្យកាន់តែខិតខំប្រឹងប្រែង រកជ័យជម្នះជូនក្រុមឈ្នះពានរង្វាន់ និង ទទួលបានឱកាសបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួត SEA Games ២០២៣ នាពេលខាងមុខ។
បច្ចុប្បន្ន ខ្សែប្រយុទ្ធពាក់លេខ៩រូបនេះ រកគ្រាប់បាល់បានសរុប ២៤គ្រាប់ សម្រាប់៥ប្រកួតដំបូងនៅក្នុងលីគនារីកម្ពុជា ដែលជួយឱ្យកំពង់ស្ពឺ-ណាហ្គាវេីលដ៍ ឈរនៅកំពូលតារាង ដោយពុំទាន់ស្គាល់ពាក្យថាចាញ់ ឬ ស្មើនៅឡើយ។
ហើយនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ យ៉ុន យ៉ើន នឹងត្រូវជួយក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៍ស្វាគមន៍ក្រុមភ្ញៀវភ្នំពេញក្រោន នៅទីលានវិទ្យាល័យកំពង់ស្ពឺ វេលាម៉ោង៣រសៀល៕