លោក Jamie Redknapp ជឿថា ខ្សែប្រយុទ្ធ Harry Kane មានសំណាងដែលមិនត្រូវបានបណ្ដេញចេញពីការប្រកួតដែល Tottenham Hotspur បញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយ Liverpool កាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ម្សិលមិញនេះ។
Kane ទទួលបានកាតលឿងក្រោយបង្កកំហុសលើ Andy Robertson អំឡុងការប្រកួតនៅនាទីទី២០ ពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសរូបនេះ រកគ្រាប់បាល់បញ្ចូលទីនាំមុខសម្រាប់ Spurs ដែលជាគ្រាប់បាល់ដំបូងរបស់គេនៅក្នុងទឹកដី ក្នុងរដូវកាលនេះ។
អ្នកចាត់ការក្រុមហង្សក្រហមលោក Jurgen Klopp និងអ្នកគាំទ្រក្រុមភ្ញៀវ មានការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល Paul Tierney ដោយយល់ថា Kane គួរតែទទួលបានកាតក្រហម ចំពោះកំហុសរបស់គេ ខណៈអ្នកវិភាគបាល់ទាត់លោក Redknapp ក៏មិនពេញចិត្តចំពោះការសម្រេចចិត្តនេះដែរ។
លោក Redknapp បាននិយាយថា កំហុសរបស់ Kane ទៅលើ Robertson សមតែទទួលបានកាតក្រហម ប៉ុន្ដែដោយសារគេមានឈ្មោះជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ទើបគេទទួលការពិន័យត្រឹមកាតលឿង ពីការបង្កកំហុសដ៏ធំមួយនេះ៕