David de Gea បានបង្ហាញគុណផលល្អក្នុងរដូវកាលនេះ បើយោងតាមស្ថិតិ និងអ្វីដែលបានឃើញជាក់ស្ដែង។ អ្នកចាំទីរបស់ក្រុម Manchester United មានអត្រានៃការសង្គ្រោះបាល់ល្អជាងអ្នកចាំទីណាៗទាំងអស់ក្នុងលីគទាំង៥អឺរ៉ុប។
អ្នកចាំទីអេស្ប៉ាញរូបនេះ ទទួលបាន ៧.៦ពិន្ទុ ពីការគណនា ការរំពឹងស៊ុតបញ្ចូលទី ធៀបទៅនឹងការរបូតគ្រាប់បាល់ជាក់ស្ដែង ខណៈអ្នកចាំទី Jose Sa របស់ Wolverhampton Wanderers ឈរនៅចំណាត់ថ្នាក់ទី២មាន +៦.៧ពិន្ទុ។
អ្នកចាំទីអាល្លឺម៉ង់ Manuel Riemann របស់ក្លិប Bochum ស្ថិតនៅចំណាត់ថ្នាក់លេខ៣ អាចសង្គ្រោះបាល់ជាមធ្យមបាន ៦.៤គ្រាប់សម្រាប់ក្លិបក្នុងក្រុបខណ្ឌ Bundesliga។
De Gea បានបង្ហាញគុណផលដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនជាថ្មីសម្រាប់ក្រុមបិសាចក្រហម បន្ទាប់ពីលេងមិនសូវបានល្អក្នុងប៉ុន្មានរដូវកាលកន្លងមក។ អ្នកចាំទីវ័យ៣១ឆ្នាំរូបនេះទទួលបានការប្រកួតប្រជែងខ្ពស់ក្នុងរដូវកាលមុន ក្នុងតំណែងអ្នកចាំទីដៃទី១ ជាមួយនឹងកីឡាករអង់គ្លេស Dean Henderson។
ប៉ុន្ដែ De Gea បំពេញតួនាទីបានល្អឡើងវិញក្នុងរដូវកាលនេះ ដោយធានាតំណែងជម្រើស១១នាក់ដំបូងក្នុងក្រុមបិសាចក្រហម។ តួយ៉ាងក្នុងការប្រកួត Premier League កាលពីថ្ងៃចន្ទ អ្នកចាំទីអេស្ប៉ាញបានសង្គ្រោះបាល់ជាច្រើនលើកជួយឱ្យ Man Utd ឆក់បាន១ពិន្ទុពីការប្រកួតទល់នឹង Newcastle United។
ខ្សែការពារ Harry Maguire បានពន្យល់មូលហេតុដែល Man Utd លេងមិនបានល្អក្នុងការប្រកួតទល់នឹងក្រុមបាតតារាងក៏ព្រោះតែ ក្រុមរបស់ខ្លួនបានខកខានពីការហ្វឹកហាត់និងការប្រកួតរយៈពេល១៦ថ្ងៃ ស្របពេលទីលានហ្វឹកហាត់ត្រូវបានបិទ ដោយសារមានការឆ្លងកូវីដ១៩ច្រើនករណី ទើបការត្រលប់មកប្រកួតវិញ ពួកគេលេងមិនសូវបានល្អ។
បច្ចុប្បន្ន Man Utd ឈរនៅចំណាត់ថ្នាក់លេខ៧ក្នុងតារាង Premier League មាន២៨ពិន្ទុ និងមានគម្លាត ៧ពិន្ទុពី Top 4 និង ១៩ពិន្ទុពីក្រុមកំពូលតារាង Manchester City។