វីរបុរសរបស់ក្លិបបិសាចក្រហម លោក Sir Alex Ferguson បានរៀបរាប់ពីការយល់ឃើញរបស់លោក ជុំវិញការតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការពេញសិទ្ធិរបស់ក្លិប Manchester United ពេលចប់រដូវកាលនេះ។
Man Utd មិនសូវទទួលបានភាពជោគជ័យនោះទេ ចាប់តាំងពីលោក Ferguson ប្រកាសចូលនិវត្តក្នុងឆ្នាំ២០១៣ ហើយលោក Ten Hag នឹងក្លាយជាអ្នកចាត់ការទី៥ ក្រោយចាកចេញរបស់អតីតអ្នកចាត់ការជនជាតិស្កុតឡែនរូបនេះ។
លោក Ferguson ត្រូវបានសួរពាក់ព័ន្ធនឹងការតែងតាំង លោក Ten Hag ហើយលោកបាននិយាយថា៖ “មែនហើយ, ខ្ញុំសង្ឃឹមថា គាត់ធ្វើការងារបានល្អ ព្រោះក្លិបត្រូវការនរណាម្នាក់ដើម្បីមកគ្រប់គ្រង។ ខ្ញុំសង្ឃឹមថាគាត់នឹងធ្វើបានល្អ”។
ដោយឡែកអ្នកចាត់ការស្ដីទីលោក Ralf Rangnick នឹងប្ដូរតំណែងទៅជាទីប្រឹក្សារបស់ក្លិបវិញ នៅពេលចប់រដូវកាលនេះ ហើយបុរសជនជាតិអាល្លឺម៉ង់រូបនេះ ជឿថាក្លិបគួរតែនាំចូលកីឡាករថ្មីយ៉ាងតិច១០នាក់ ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ដើម្បីឱ្យលោក Ten Hag កសាងក្រុមជាថ្មី៕