Skip to content
CAS សម្រេចច្រានចោលសំណើរបស់អតីតខ្សែប្រយុទ្ធ Barca ម្នាក់ដែលចង់ផ្លាស់ចេញពីជម្រើសជាតិអេស្ប៉ាញ
    ទំព័រដើម  »  កីឡាអន្តរជាតិ

CAS សម្រេចច្រានចោលសំណើរបស់អតីតខ្សែប្រយុទ្ធ Barca ម្នាក់ដែលចង់ផ្លាស់ចេញពីជម្រើសជាតិអេស្ប៉ាញ

តុលាការមជ្ឈត្តកម្មកីឡា (CAS) បានគាំទ្រការសម្រេចរបស់ FIFA ក្នុងការច្រានចោលនូវសំណើរបស់ Munir El Haddadi ដែលបានស្នើសុំចូលលេងឱ្យក្រុមជម្រើសជាតិម៉ារ៉ុក។

សហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក(FRMF) បានស្នើសុំ FIFA សម្រាប់ការអនុញ្ញាតឱ្យ ខ្សែប្រយុទ្ធ El Haddadi អាចប្ដូរចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ ដែលរូបគេបានចូលលេងកាលប្រកួតវគ្គជម្រុះ Euro ក្នុងវ័យ១៩ឆ្នាំ។

FRMF រំពឹងថា កំណែទម្រង់ច្បាប់មួយចំនួន របស់ FIFA កាលពីថ្មីៗនេះ ដែលអនុញ្ញាតឱ្យកីឡាករវ័យក្រោម២១ឆ្នាំ មានសិទ្ធផ្លាស់ប្ដូរក្រុមជម្រើសជាតិ បើទោះបីជាកីឡាកររូបនោះ បានចូលលេងក្នុងពានរង្វាន់ផ្លូវការចាប់ពី៣ប្រកួតឡើងទៅក៏ដោយ។

ប៉ុន្ដែកាលពីខែកញ្ញា FIFA បានរកឃើញថា El Haddadi ធ្លាប់លេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញក្រោម២១ឆ្នាំ ហើយនៅពេលដែលខ្សែប្រយុទ្ធរូបនេះ លើសអាយុ២១ឆ្នាំទៅហើយ ដូច្នេះហើយរូបគេមិនស្ថិតនៅក្នុងលក្ខខណ្ឌ ដែលអាចប្ដូរលេងឱ្យក្រុមជម្រើសជាតិម៉ារ៉ុកបានឡើយ។

គួររំឭកថា អតីតកីឡាករក្រុម Barcelona រូបនេះ បានហ្វឹកហាត់ជាមួយក្រុមម៉ារ៉ុក អំឡុងពេលប្រមូលផ្ដុំជម្រើសជាតិកាលពីខែតុលា មុនពេលត្រូវផ្ដល់ដំណឹងថា រូបគេមិនត្រូវបានអនុញ្ញាតឱ្យចូលរួមលេងជាមួយក្រុមជម្រើសជាតិមួយនេះបាន៕