ក្លិបបាល់ទាត់ Paris Saint-German បានប្រកាសពីការនាំយកកីឡាករចំណូលថ្មី Renato Sanches ពីក្លិប Lille។
PSG បានប្រជែងឈ្នះ AC Milan ក្នុងការចុះហត្ថលេខាយក Sanchez។
ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ដែលកុងត្រារបស់ខ្លួនជាមួយក្លិប Lille នឹងផុតនៅឆ្នាំ២០២៣ បានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្លិបយក្សរបស់បារាំងក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយតម្លៃខ្លួន១៥លានអឺរ៉ូ។
បន្ទាប់ពីជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អជាងគេកាលនៅក្លិប Benfica, Sanches បានផ្លាស់ទៅចូលរួមជាមួយ Bayern Munich ក្រោយចប់ Euro 2016 ដោយមានតម្លៃខ្លួន៣៥លានអឺរ៉ូ។ ប៉ុន្តែបន្ទាប់ពីបង្ហាញសមត្ថភាពមិនបានល្អក្នុងក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះ Bayern Munich បានសម្រេចឱ្យក្លិប Swansea City ខ្ចីក្នុងរដូវកាល២០១៧-១៨។ បន្ទាប់មក រូបគេបានផ្លាស់ទៅចូលរួមជាអចិន្ត្រៃយ៍ជាមួយ Lille នៅលីគកំពូលបារាំង។
ឥឡូវនេះគេក្លាយជាសមាជិកថ្មីរបស់ PSG ដែលមានខ្សែបម្រេីច្រេីនរូបទៀតដូចជា Vitinha, Marco Verratti និង Danilo Pereira ជាដើម។
នេះក៏ជាលើកទីពីរសម្រាប់ Sanches ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Christophe Galtier បន្ទាប់ពីអ្នកទាំងពីរធ្លាប់ធ្វើការរួមគ្នានៅក្លិប Lille។ គឺលោកនាយកបច្ចេកទេស Luis Campos និង Christophe Galtier នេះហើយដែលជាមូលហេតុចម្បងធ្វើឱ្យខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះជ្រើសយកក្លឹប PSG ជាជាងផ្លាស់ទៅចូលរួមជាមួយក្លិបនៅអុីតាលី។
និយាយក្នុងវេបសាយ PSG, Sanches បានបញ្ជាក់ថា៖ “ប្រាកដណាស់វាពិតជាត្រឹមត្រូវដែលខ្ញុំសម្រេចចិត្តចុះកុងត្រាជាមួយនឹងក្លិបនេះ។ ខ្ញុំជ្រើសយក PSG ព្រោះខ្ញុំគិតថាវាជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អាជីពរបស់ខ្ញុំ។ ការបន្តលេងនៅបារាំងវាពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំព្រោះខ្ញុំបានស្គាល់លីគនេះរួចមកហើយ”។
សូមជម្រាបផងដែរថា ក្នុងរយៈពេល៣រដូវកាលនៅជាមួយ Lille, Renato Sanches បង្ហាញខ្លួនសរុប៦៧ប្រកួត ស៊ុតបញ្ចូលទីបាន៦គ្រាប់និងឈ្នះជើងឯកលីគកំពូលបារាំងម្តង មុនផ្លាស់មកចូលរួមជាមួយ PSG៕
Source: Marca
Write by Thy Lyhour