Skip to content
កីឡាករបាល់ទាត់អាស៊ីលេចធ្លោបំផុតនៅអឺរ៉ុបប្រចាំសប្ដាហ៍
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករបាល់ទាត់អាស៊ីលេចធ្លោបំផុតនៅអឺរ៉ុបប្រចាំសប្ដាហ៍

ក្នុងលីគបាល់ទាត់អឺរ៉ុបចុងសប្ដាហ៍កន្លងទៅនេះ មានកីឡាករកីឡាការិនីអាស៊ីជាច្រើននាក់បានបង្ហាញសមត្ថភាពលេចធ្លោ ហើយត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រិតសម្រាំងពីថ្ងៃទី៤ដល់១០វិច្ឆិកាឆ្នាំ២០២០ ដើម្បីយកមកដាក់ឱ្យសាធារណជនបោះឆ្នោតនៅលើវិបសាយផ្លូវការដើម្បីជ្រើសរើសជាកីឡាករល្អបំផុតប្រចាំសប្ដាហ៍។ សម្រាប់អ្នក តើកីឡាករខាងក្រោមនេះរូបណាសមបានតំណែង AFC International Player of the Week?

Lee Kang-in (ក្លិប Valencia, ជម្រើសជាតិសាធារណរដ្ឋកូរ៉េ)

ទោះមិនបានស៊ុតចូលក្នុងជ័យជម្នះ៤-១របស់ Valencia លើក្រុមខ្លាំងបំផុតមួយរបស់ពិភពលោក Real Madrid ក្ដី ប៉ុន្តែយុវជនដ៏ឆ្នើមវ័យ១៩ឆ្នាំរូបនេះបានជះឥទ្ធិពលខ្លាំងក្នុងការប្រកួត។ Lee បានបង្កភាពឈឺក្បាលរយៈពេល៨១នាទីដល់ខ្សែការពាររបស់ Real, បញ្ជូនបាល់ចំគោលដៅ៨៦%, ឈ្នះការជែងបាល់៨លើក។ គេវិះទាំងទាត់ចូលថែមទៀតផង កុំតែបានបង្គោលទីនិង Thibaut Courtois ជួយរារាំង។

Mehdi Taremi (ក្លិប FC Porto, ជម្រើសជាតិអ៊ីរ៉ង់)

រដូវកាលមុន Taremi រកបាន១៨គ្រាប់ក្នុងលីគកំពូលព័រទុយហ្គាល់សម្រាប់ក្រុម Rio Ave។ តែតាំងពីផ្ទេរមកចូលរួមក្លិបយក្ស FC Porto ក្នុងខែសីហា២០២០មក ខ្សែប្រយុទ្ធអ៊ីរ៉ង់វ័យ២៨ឆ្នាំរូបនេះមិនទាន់បានក្រឡុកឱ្យខ្លាំងណាស់ណានៅឡើយទេ។ តែកាលពីថ្ងៃអាទិត្យទី៨ខែវិច្ឆិកាកន្លងទៅនេះ វេលារីករាយបំផុតរបស់គេបានមកដល់ ដោយគេបានតែតចូល១គ្រាប់ក្នុងខណៈ Porto ធ្វើ Portimonense មិនទាន់បែកនៅឡើយ ដោយកំពុងស្មើគ្នា១-១។ គ្រាប់បាល់របស់ Taremi នាំឱ្យ Porto នាំមុខ និងជាចំណុចនាំក្រុមនេះទទួលបានជ័យជម្នះយ៉ាងសំខាន់ ៣-១នៅទីបញ្ចប់។ ក្នុងរយៈពេល៦៧នាទីនៃការលេងរបស់គេ គេបញ្ជូនបាល់ចំគោលដៅ៨២%។

Ali Adnan (ក្លិប Vancouver Whitecaps, ជម្រើសជាតិអ៊ីរ៉ាក់)

ក្នុងសប្ដាហ៍ដែលគេឈ្នះពានកីឡាករល្អបំផុតប្រចាំរដូវកាលនិងម្ចាស់គ្រាប់បាល់ស្អាតបំផុតប្រចាំរដូវកាលរបស់ក្លិប Vancouver កីឡាករអ៊ីរ៉ាក់ Ali Adnan បានរំឭកឡើងវិញអំពីគុណផលដ៏អស្ចារ្យរបស់គេតាមរយៈការបង្ហាញដ៏ចំណានទល់នឹង LA Galaxy។ ក្នុងរយៈពេល៨៩នាទីនៅលើទីលាន គេបានរួមចំណែកយ៉ាងសំខាន់ទាំងក្នុងការការពារនិងការប្រយុទ្ធ, assist ១គ្រាប់, បញ្ជូនបាល់ចំគោលដៅ៨៤%, ស្ទាក់បាល់គូបដិបក្ខបានជោគជ័យ៤ដង។

Ji So-yun (ក្លិប Chelsea, ជម្រើសជាតិសាធារណរដ្ឋកូរ៉េ)


ក្រោយបង្ហាញគុណផលយ៉ាងគួរឱ្យសរសើរនៅតំបន់បម្រើកណ្ដាលទល់នឹង Tottenham ៥ថ្ងៃមុន ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនបំផុតរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិកូរ៉េខាងត្បូង Ji So-yun បានលេងតំណែងប្រយុទ្ធច្រើនជាងមុន និងថែមទាំងស៊ុតចូលពីចម្ងាយ១គ្រាប់ទៀតផងពេលក្រុមនារី Chelsea ឈ្នះ៤-០លើ Everton។

Junya Ito (ក្លិប KRC Genk, ជម្រើសជាតិជប៉ុន)

ខ្សែការពារស្លាបស្ដាំជប៉ុនវ័យ២៧ឆ្នាំរូបនេះជាកីឡាករលេចធ្លោបំផុតម្នាក់របស់ក្រុម Genk ពេលឈ្នះ Sint-Truiden ២-១។ គេលេង៩០នាទី assist ១គ្រាប់ ញាក់បាល់ជោគជ័យ៨ដង និងឈ្នះការជែង១៣លើក។ ក្នុងប្រកួតនោះដែរ កីឡាករជប៉ុនម្នាក់ទៀត Yuma Suzuki រកបាន១គ្រាប់សម្រាប់ Sint-Truiden។

Emily Gielnik (ក្លិប Vittsjo GIK, ជម្រើសជាតិនារីអូស្ត្រាលី)

ខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់របស់ក្លិប Vittsjo នៃប្រទេសស៊ុយអែត ខ្សែប្រយុទ្ធជម្រើសជាតិអូស្ត្រាលី Emily Gielnik ធ្វើបានហ៊ែតទ្រីក (ទាត់ចូល៣គ្រាប់ម្នាក់ឯង) ព្រមទាំងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល១គ្រាប់ទៀតផងក្នុងជ័យជម្នះ៤-០លើក្រុម KIF Orebro DFF កាលពីថ្ងៃសៅរ៍ទី៧ខែវិច្ឆិកា។ នេះជាកាដូចុងក្រោយរបស់នាងសម្រាប់ Vittsjo ដ្បិតអតីតសមាជិក Liverpool និង Bayern Munich វ័យ២៨ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លិប Brisbane Roar ថ្ងៃអង្គារម្សិលមិញ ដើម្បីត្រលប់ទៅលេងក្នុងលីគនាប្រទេសកំណើតវិញ។

Ali Gholizadeh (ក្លិប Charleroi, ជម្រើសជាតិអ៊ីរ៉ង់)

ខ្សែប្រយុទ្ធវ័យក្មេងអ៊ីរ៉ង់ Ali Gholizadeh បានបន្តគុណផលលេចធ្លោក្នុងលីគកំពូលបែលហ្ស៊ិក ដោយកីឡាករវ័យ២៤ឆ្នាំរូបនេះរកបានគ្រាប់ទី២ក្នុងការចូលលេងលើកទី២សម្រាប់ក្រុមកំពុងឡើងជើង Charleroi ក្នុងរដូវកាលថ្មីនេះ។ យ៉ាងណាក្ដី Charleroi បានត្រឹមស្មើ៣-៣ជាមួយ Mechelen នៅទីបញ្ចប់ និងធ្លាក់មកលេខ២ក្នុងតារាង។

Kaveh Rezaei (ក្លិប Charleroi, ជម្រើសជាតិអ៊ីរ៉ង់)

ដៃគូប្រយុទ្ធរួមជាតិនិងរួមក្លិប Charleroi របស់ Ali ខាងលើ គឺ Kaveh Rezaei ក៏រកបាន១គ្រាប់ដែរនៅថ្ងៃស្មើ៣-៣នោះ។ ទោះខានស៊ុតចូល៥ប្រកួតហើយក្ដី តែនេះជាគ្រាប់ទី៦ក្នុងការលេង១០ប្រកួតក្នុងលីគកំពូលបែលហ្ស៊ិក២០២០-២១នេះ។

Aias Aosman (ក្លិប Tuzlaspor, ជម្រើសជាតិស៊ីរី)

ខ្សែបម្រើជម្រើសជាតិស៊ីរីរូបនេះបានបង្ហាញសមត្ថភាពល្អយ៉ាងទៀងទាត់ ហើយជាថ្មីទៀតនៅក្នុងការប្រកួតលីគទី២ទួរគីកាលពីថ្ងៃសៅរ៍ សម្រាប់ Tuzlaspor ដែលស្មើ១-១ជាមួយ Umraniyespor។ កីឡាករវ័យ២៦ឆ្នាំជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល និងបានបញ្ជូនបាល់ចំគោលដៅ៥៦ដងក្នុងចំណោមការព្យាយាម៦០ប៉ះ។

Tom Rogic (ក្លិប Celtic, ជម្រើសជាតិអូស្ត្រាលី)

លេង៩០នាទី ទល់ Sparta Prague, បញ្ជូនបាល់ចំគោលដៅ៩០%, ឈ្នះការជែងបាល់១១លើក។ លេង៨៤នាទីទល់ Motherwell, assist ១គ្រាប់។ សរុបមកទល់ពេលនេះ Rogic បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល៤គ្រាប់ ក្នុងការចូលលេង៥ប្រកួតក្នុងចន្លោះពេល១៥ថ្ងៃចុងក្រោយ៕