Barcelona បានប្រកាសកាលពីថ្ងៃសុក្រទី១២ខែសីហាឆ្នាំ២០២២ថាពួកគេបានចុះបញ្ជីកីឡាករចំណូលថ្មីបានសឹងទាំងអស់ នៅខ្វះតែ Jules Kounde ម្នាក់ប៉ុណ្ណោះ មុនពេលបើកឆាក La Liga រដូវកាលថ្មីរបស់ពួកគេទល់នឹង Rayo Vallecano នៅថ្ងៃសៅរ៍នេះ។
បន្ទាប់ពីបានលក់២៤,៥%នៃ Barca Studios ទៅឱ្យក្រុមហ៊ុន Orpehus Media ក្នុងតម្លៃ៨៥លានផោន Barca បានសង្ឃឹមថាចំណូលនេះនឹងអនុញ្ញាតឱ្យពួកគេអាចចុះបញ្ជីសមាជិកថ្មីទាំងអស់បានក្នុងសប្ដាហ៍នេះ។
ប៉ុន្តែជាក់ស្ដែង ការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែការពារកណ្ដាលជម្រើសជាតិបារាំង Kounde ដែលទើបផ្ទេរមកពី Sevilla ត្រូវរង់ចាំសិន ដ្បិតមិនទាន់អាចចុះបញ្ជីទាំងអស់គ្នាបាននៅឡើយ។ ពោលគឺ មានតែ Robert Lewandowski (ផ្ទេរមកពី Bayern Munich ក្នុងតម្លៃ៤២,៥លានផោន), Raphinha (ផ្ទេរមកពី Leeds United ក្នុងតម្លៃ៥៥លានផោន), Andreas Christensen (ផ្ទេរមកពី Chelsea ដោយគ្មានតម្លៃផ្ទេរ) និង Franck Kessie (ផ្ទេរមកពី AC Milan ដោយគ្មានតម្លៃផ្ទេរ) ប៉ុណ្ណោះដែលត្រូវបានចុះបញ្ជីរួចរាល់ មុនពេល Barca ស្វាគមន៍ Rayo Vallecano នៅ Camp Nou ម៉ោង២រំលងអធ្រាត្រយប់ថ្ងៃសៅរ៍ទី១៣សីហានេះ។
Ousmane Dembele និង Sergi Roberto ដែលទើបបន្តកិច្ចសន្យាថ្មី ក៏ត្រូវបានចុះបញ្ជីរួចរាល់ផងដែរ ខណៈ Barca កំពុងចរចាយក Marcos Alonso ពី Chelsea បន្ថែមម្នាក់ទៀត ស្របពេល Bernardo Silva របស់ Manchester City នៅតែជាគោលដៅចម្បងមួយរបស់លោក Xavi។
Barca នឹងត្រូវកាត់បន្ថយប្រាក់ខែខ្ពស់ៗមួយចំនួនទៀតនៅក្នុងក្លិបដើម្បីអាចចុះបញ្ជី Kounde បាន។
សូមជម្រាបថា Barca ត្រូវគោរពតាមលក្ខខណ្ឌកញ្ចប់ប្រាក់ខែរបស់ La Liga ដើម្បីអាចចុះបញ្ជីកីឡាករថ្មីៗរបស់ពួកគេ។ Barca បានប្រើប្រាស់យន្តការមួយចំនួនថ្មីៗនេះដើម្បីបង្កើនប្រាក់ចំណូលក្នុងបំណងកាត់បន្ថយការខាតបង់ កាត់បន្ថយបំណុល និងដើម្បីអនុលោមតាមបទបញ្ជា Financial Fair Play របស់ La Liga៕
ប្រភព៖ Skysports