ខ្សែការពារ Eric Bailly ដែលកំពុងលេងឱ្យ Marseille ក្រោមកិច្ចសន្យាខ្ចីពី Manchester United បានរិះគន់ក្លិបបិសាចក្រហមថាមានភាពលម្អៀងទៅខាងកីឡាករអង់គ្លេសក្នុងការជ្រើសរើសកីឡាករចូលលេង ប៉ុន្តែសរសើរអ្នកចាត់ការថ្មី Erik Ten Hag ថាមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំល្អហើយគេសង្ឃឹមថាលោក Ten Hag អាចដោះស្រាយបញ្ហានេះបាន។
Bailly ត្រូវបានលោក Jose Mourinho ទិញពី Villarreal ក្នុងរដូវក្ដៅ២០១៦។ តែក្រោយពេលលោក Mourinho បាត់បង់ការងារនៅ Man Utd ខ្សែការពារវ័យ២៨ឆ្នាំរូបនេះក៏លែងសូវបានលេងក្នុងជម្រើស១១នាក់ដំបូង។
ខ្សែការពារជម្រើសជាតិអង់គ្លេស Harry Maguire បានក្លាយជាប្រធានក្រុមក្រោយមកដល់ Old Trafford ក្នុងរដូវក្ដៅ២០១៩ ហើយបានលេងក្នុងជម្រើស១១នាក់ដំបូងសឹងមិនដែលបាត់មុខ ស្របពេល Luke Shaw និង Aaron Wan-Bissaka ក៏មានឈ្មោះក្នុងជម្រើស១១នាក់ដំបូងសឹងមិនលស់ពេលផងដែរក្នុងសម័យដឹកនាំរបស់លោក Ole Gunnar Solskjaer ទោះបីតំបន់ការពារក្រុមបិសាចក្រហមរបូតគ្រាប់បាល់ញឹកញាប់យ៉ាងណាក៏ដោយ។ និងបន្ទាប់មកទៀតលោក Ralf Rangnick ក៏ប្រើជម្រើសខ្សែការពារមិនសូវខុសពីលោក Solskjaer ប៉ុន្មានដែរ ដោយគ្រាន់តែប្ដូរជម្រើសខ្សែការពារស្លាបស្ដាំមកជា Diogo Dalot វិញ។
តែនៅក្នុងរដូវកាលថ្មី២០២២-២៣នេះ អ្នកចាត់ការថ្មី Erik Ten Hag បានទម្លាក់ Maguire និង Shaw ទៅបង់បម្រុង បន្ទាប់ពីអ្នកទាំងពីរបានចាប់ផ្ដើម Premier League ២ប្រកួតដំបូងហើយក្រុមបិសាចក្រហមរបូត៦គ្រាប់។
ខ្សែការពារជម្រើសជាតិកូឌីវ័រ Bailly បាននិយាយក្នុងសម្ភាសន៍នៅបារាំង ដែលដកស្រង់ដោយ GOAL ថា៖ «ក្លិប(Man Utd)គួរចៀសវាងការលម្អៀងទៅរកកីឡាករអង់គ្លេស ហើយគួរផ្ដល់ឱកាសដល់កីឡាករគ្រប់រូបស្មើៗគ្នា។ ក្លិបគួរជំរុញឱ្យមានការប្រកួតប្រជែងស្មើភាពគ្នា ដោយកុំផ្ដោតតែលើកីឡាករមួយចំនួន។ ខ្ញុំតែងតែមានអារម្មណ៍មួយថាកីឡាករក្នុងស្រុក(អង់គ្លេស)ត្រូវបានគេផ្ដល់អាទិភាព»។
Bailly បន្តថា៖ «រឿងបែបនេះមិនកើតឡើងឡើយនៅក្លិប Chelsea ឬក្លិបធំៗដទៃក្នុង Premier League។ កីឡាករខ្លះមិនសូវខំទេដោយសារតែដឹងថាពួកគេនឹងបានលេងជម្រើស១១នាក់ដំបូង ហើយកត្តានេះធ្វើឱ្យក្រុមចុះខ្សោយ។ តែឥឡូវសំណាងល្អ លោកគ្រូថ្មី Ten Hag មានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំច្បាស់លាស់ ម៉ឺងម៉ាត់ ហើយខ្ញុំសង្ឃឹមថាគាត់អាចផ្លាស់ប្ដូរបញ្ហាខាងលើបាន»។
គួរជម្រាបថា ក្នុងរដូវកាល២០២១-២២កន្លងទៅ Bailly បានជាប់ជម្រើស១១នាក់ដំបូងតែ៤ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ស្របពេលរូបគេក៏ឧស្សាហ៍មានបញ្ហាកាយសម្បទាផងដែរ។ អតីតយុវជន Espanyol ដដែលនេះនៅសល់កិច្ចសន្យាជាមួយ Man Utd ដល់ឆ្នាំ២០២៤ ប៉ុន្តែ Marseille មានជម្រើសទិញផ្ដាច់យករូបគេនៅឆ្នាំក្រោយ៕