គ្រូបង្វឹក Leeds United លោក Jesse Marsch ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោទប្រកាន់ពីបទ និយាយពាក្យអសុរសនិងបង្ហាញអាកប្បកិរិយាមិនសម្យរមនៅពេលដែលក្រុមរបស់ខ្លួនប្រកួតចាញ់ Brentford កាលពីថ្ងៃសៅរ៍ ទី០៣ ខែកញ្ញាកន្លងទៅ។
គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់ខ្លួនមិនទទួលបានបាល់ប៉េណាល់ទី។រូបលោកត្រូវបានអាជ្ញាកណ្តាល Robert Jones ផ្តល់កាតក្រហមក្រោយព្យាយាមតវ៉ាឲ្យអាជ្ញាកណ្តាលឆែក VAR ព្រោះតែខ្សែការពារ Aaron Hickey បានធ្វើឲ្យកូនក្រុមរបស់លោកដួលក្នុងតំបន់១១ម៉ែត្រ ។
យ៉ាងណាមិញគ្រូបង្វឹកសញ្ចាតិអាមេរិករូបនេះមានពេលដល់ថ្ងៃសុក្រក្នុងការតវ៉ាក្រោយរងការពិន័យពី FA។
Jesse Marsch ដែលចូលមកជំនួសដំណែង Marcelo Bielsa ក្នុងនាមជាគ្រូបង្វឹក Leeds កាលពីខែកុម្ភៈ ក៏ធ្លាប់ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់ជូនកាតលឿងម្តងផងដែរកាលពីសប្ដាហ៍មុនគ្រាប្រកួតចាញ់ Brighton បន្ទាប់ពីទាត់បាល់ទម្លាក់មួយទំហឹងហើយពេលនោះលោកក៏ទទួលស្គាល់កំហុសផងដែរ។
ជ័យជម្នះ 5-2 របស់ Brentford បានរុញច្រានក្រុមមួយនេះមកឈរនៅលេខរៀងទី 7 ក្នុងតារាងខណៈដែល Leeds បានធ្លាក់ទៅលេខ 9 បន្ទាប់ពីបរាជ័យជាលើកទីពីរក្នុងក្របខ័ណ្ឌ Premier League 2022-23។