Union Berlin បានឡើងទៅឈរលើកំពូលតារាង Bundesliga ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបន្ទាប់ពីពួកគេបានចាកចេញពីទីក្រុង Cologne ជាមួយនឹងការទទួលបានជ័យជម្នះ 1-0 ដោយគ្រាប់បាល់ចូលទីខ្លួនឯងនៅដើមវគ្គទី១របស់ FC Koln។
ស្ថិតក្នុងវគ្គទីមួយ Union Berlin មានសំណាងបាននាំមុខមុននៅនាទី៣ ក្នុងពេលដែលការព្យាយាមរារាំងបាល់របស់ខ្សែការពារ Timo Hubers របស់ Koln មិនបានល្អធ្វើឲ្យបាល់នោះចូលទីខ្លូនឯង។៦នាទីក្រោយមក Union ទទួលបានបាល់ប៉េណាល់ទីមួយទៀតប៉ុន្តែសំណាងមិនល្អបាល់នោះត្រូវសង្គ្រោះបានពីអ្នកចាំទី Marvin Schwabe។
ចូលដល់នាទី១៥ក្រុមដែលមានរហ្សនាម The Iron Ones មួយនេះមានឱកាសបន្ថែមគ្រាប់បាល់នាំមុខសារជាថ្មីម្តងទៀតបន្ទាប់ពីការស៊ុតយ៉ាងល្អពីសំណាក់កីឡាករ Sheraldo Becker ឆ្លងផុតដៃអ្នកចាំទីចូលទៅក្នងសំណាញ់ទីប៉ុន្តែបាល់នោះត្រូវបាន VAR បដិសេធថាជាបាល់ offside។
រឿងល្អក៏បានកើតឡើងបន្ថែមទៀតសម្រាប់ក្រុមភ្ញៀវបន្ទាប់ពីកីឡាករ Killain របស់ Cologne ទទួលបានកាតលឿងលើកទីពីរក្រោយព្យាយាមបញ្ឈប់ការវាយបករបស់ Union ដោយសល់គ្នាត្រឹម១០នាក់ FC Koln មិនអាចធ្វើអ្វីលើក្រុមភ្ញៀវបានឡើយរហូតដល់ចប់៩០នាទី Koln 0-1 Union Berlin។
Freiburg ត្រូវបានគេរំពឹងថានឹងឡើងកាន់កាប់កំពូលតារាងបើសិនជាពួកគេអាចយកឈ្នះ Borussia Monchenglabach នៅក្នុងសប្ដាហ៍ជាមួយគ្នានឹង Union Berlin ដែរប៉ុន្តែជាអកុសលពួកគេធ្វើបានត្រឹមស្មើ 0-0 ប៉ុណ្ណោះដែលលទ្ធផលនេះបានរុញច្រានពួកគេឲ្យស្ថិតនៅលេខរៀងទី2។
លទ្ធផលនេះបានធ្វើឲ្យក្រុមរបស់លោក Urs Fischer កាន់កាប់កំពូលតារាងបន្ទាប់ពីឆ្លងកាត់ការប្រកួតអស់៦សប្ដាហ៍ដោយនៅពីលើក្រុមការពារតំណែងជើងឯក Bayern Munich ដែលជាក្រុមលេខ៣ និង Borussia Dortmund ស្ថិតនៅលេខ៥។
Union Berlin ក៏កំពុងប្រកួតប្រជែងក្នុងពានរង្វាន់ Europa League ផងដែរបន្ទាប់ពីខកខានក្នុងការបង្ហាញខ្លួននៅវគ្គជម្រុះ Champions League ដោយខ្វះតែមួយពិន្ទុប៉ុណ្ណោះកាលពីរដូវកាលមុន។