ការប្រកួតបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 Qatar អាចនឹងត្រូវផ្លាស់ប្តូរពេលវេលាប្រកួតក្រោយគេរកឃើញថាប្រទេស Ecuador បានក្លែងបន្លំសញ្ជាតិកំណើតកីឡាកររបស់ខ្លួន។
Byron Castillo បានបង្ហាញខ្លួនឲ្យជម្រើសជាតិ Ecuador ចំនួនប្រាំបីប្រកួតកាលពីវគ្គជម្រុះឆ្ពោះទៅព្រឹត្តិការណ៍ FIFA World Cup Qatar ប៉ុន្តែឥឡូវនេះរូបគេស្ថិតនៅក្រោមការតាមដានក្រោយពីសហព័ន្ធកីឡាបាល់ទាត់របស់ឈីលីប្តឹងទៅកាន់ FIFA កាលពីខែមិថុនាកន្លងទៅទាក់ទងទៅនឹងការក្លែងបន្លំសញ្ចាតិកំណើត។
ក្រោយមកទៀតសារព័ត៌មានរបស់ប្រទេសអេស្ប៉ាញ Marca បានរកឃើញថាកីឡាកររូបនេះមានសញ្ជាតិពិតប្រាកដគឺកូឡុំប៊ី។មិនតែប៉ុណ្ណោះកាលពីថ្មីៗនេះសារព័ត៌មាន Daily Mail ក៏បានចេញផ្សាយនូវខ្សែសម្លេងរបស់កីឡាករ Castillo ដែលត្រូវបានសម្ភាសដោយសហព័ន្ធកីឡាបាល់ទាត់អេក្វាឌ័រកាលពី៤ឆ្នាំមុនដែលនេះអាចឲ្យយើងមើលឃើញថាអេក្វាឌ័រអាចនឹងត្រូវបានកាត់ចេញពីការប្រកួត World Cup 2022 ព្រោះតែការក្លែងបន្លំសញ្ជាតិ។
ខ្សែការពារស្តាំរូបនេះបាននិយាយក្នុងកិច្ចសម្ភាសថារូបគេកើតនៅឆ្នាំ 1995 មិនមែនកើតឆ្នាំ 1998 ដូចក្នុងសំបុត្រកំណើតអេក្វាឌ័រឡើយ។រូបគេមានឈ្មោះពិតប្រាកដ Bayron Javier Castillo Segura ដែលឈ្មោះនេះបានចុះក្នុងសំបុត្រកំណើតកូឡុំប៊ី។Castillo ត្រូវបានគេលឺថាបាននិយាយពីការសម្រេចចិត្តចាកចេញពីប្រទេសកូឡុំប៊ីដោយសារតែក្រុម Tumaco នឹងទៅលេងនៅ San Lorenzo ហើយរូបគេបានសុំ San Lorenzo ដើម្បីធ្វើតេស្តសុំចូលរួមជាមួយក្លិប។គេមិនត្រូវបានគេជ្រើសរើសឡើយប៉ុន្តែមិត្តរបស់គេដែលជាប់ពួកគេបែរជាមិនទៅហើយរូបគេជាអ្នកចូលរួមជំនួស។
ខ្សែការពាររូបនេះបានបន្តចោទប្រកាន់ពាណិជ្ជករជនជាតិអេក្វាឌ័រ Marco Zambrano និងម្ចាស់ក្រុមហ៊ុន NorteAmerica ដែលត្រូវបានព្យួរដោយ FEF សម្រាប់បទល្មើសនៅពីក្រោយការក្លែងអត្តសញ្ញាណក្លែងក្លាយ។
គណៈកម្មការបណ្តឹងឧទ្ធរណ៍របស់ FIFA ត្រូវបានគេរំពឹងថានឹងសម្រេចលើបញ្ហានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាតើអេក្វាឌ័រត្រូវបានដកសិទ្ធិចេញពីការប្រកួតបាល់ទាត់ពិភពលោកឬយ៉ាងណា។ប្រសិនបើFIFA រកឃើញថាអេក្វាឌ័រពិតជាបានក្លែងបន្លំសញ្ជាតិកីឡាករពិតមែននោះការប្រកួតបើកឆាកបាល់ទាត់ពិភពលោកជាមួយនឹងម្ចាស់ផ្ទះកាតានឹងមានការប៉ះពាល់ពេលវេលានៃការប្រកួត។
ប្រសិនបើ FIFA ធ្វើតាមច្បាប់នៃការប្រកួតនោះ ឈីលីនឹងទទួលបានជ័យជន្នះ 3-0 ក្នុងការប្រកួតតទល់នឹងអេក្វាឌ័រហើយជំរុញឲ្យឈីលីឡើងពីលេខ៧ទៅលេខ៤ក្នុងវគ្គជម្រុះនៅអាមេរិកខាងត្បូងនាំមុខប្រទេសប៉េរ៉ូនិងឡើងទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក។