Brighton & Hove Albion បានចេញមកប្រកាសជាផ្លូវការអំពីការមកដល់របស់អ្នកចាត់ការទូទៅថ្មី Roberto De Zerbi ជាមួយនឹងកិច្ចសន្យារយៈពេល៤ឆ្នាំក្រោយការចាកចេញរបស់ Graham Potter កាលពីដើមខែកញ្ញា ឆ្នាំ២០២២។
ក្លិបបាល់ទាត់ Brighton បានបញ្ចាក់ថាគ្រូបង្វឹកវ័យ៤៣ឆ្នាំរូបនេះបានយល់ព្រមលក្ខខណ្ឌជាមួយក្លិបកាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយបានជួបជាមួយនឹងម្ចាស់ក្លិប Tony Bloom, Paul Barber និង David Weir នៅទីក្រុងឡុងដ៍ដើម្បីពិភាក្សាពីតួនាទីជាគ្រូបង្វឹក។
ម្ចាស់ក្លិប Tony Bloom បាននិយាយថា៖ “ខ្ញុំពិតជាមានក្តីរំភើបយ៉ាងក្រៃលែងដែល Roberto បានយល់ព្រមក្លាយជាគ្រូបង្វឹកថ្មីរបស់យើង។ក្រុមរបស់ Roberto មានការលេងដ៏គួរឲ្យចាប់អារម្មណ៍និងមានភាពក្លាហាននៃការលេងបាល់ទាត់ហើយខ្ញុំជឿជាក់លើប្រព័ន្ធលេងនិងយុទ្ធសាស្ត្ររៀបចំក្រុមរបស់គ្រូបង្វឹករូបនេះនឹងសាកសមជាមួយនឹងកីឡាករដែលយើងមាន”។
កាលពីកន្លងទៅ De Zerbi ធ្លាប់ជាអតីតគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Sassuolo និង Shakhtar Donetsk ហើយកាលពីប្រកបអាជីពជាកីឡាករបាល់ទាត់រូបលោកក៏ធ្លាប់លេងឲ្យក្លិបធំៗដូចជា AC MILAN និង Napoli ផងដែរ។
បុរសវ័យ 43 ឆ្នាំរូបនេះបានដឹកនាំ Sassuolo ឲ្យទទួលបានចំណាត់ថ្នាក់លេខ៨ជាប់ៗក្នុងក្របខណ្ឌ Serie A មុនពេលលោកចាកចេញនៅរដូវកាល2020-2021។
ក្រោយការចាកចេញពីទឹកដីអ៊ីតាលីរូបលោកបានបានក្លាយជាគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Shakhtar Donetsk ដោយដឹកនាំឈ្នះ 20 ប្រកួតក្នុងចំណោម 30 ប្រកួតក្នុងចន្លោះពីខែឧសភាដល់ ខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែក្រោយមកលោកក៏បានចាកចេញពីក្លិបដោយសារតែស្ថានភាពមិនអំណោយផលក្រោយការលុកលុយរបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន។
មិនត្រឹមធ្លាប់បានដឹកនាំក្លិបបាល់ទាត់ធំៗប៉ុណ្ណោះទេរូបលោកក៏ធ្លាប់បានដឹកនាំក្លិបមួយចំនួនក្នុងប្រទេសអ៊ីតាលីផងដែរដូចជា Darfo Boario , Foggia , Palermo និង Benevento ក្រោយពីការចូលនិវត្តពីកីឡាករបាល់ទាត់ក្នុងឆ្នាំ 2013។ជាទូទៅលោកត្រូវបានគេដឹងថាអ្នកនិយមប្រើនូវប្រព័ន្ធលេង 4-2-3-1 ជាមួយនឹងការលេងវាយសម្រុកពីខាងក្រោយ។
នាយកបច្ចេកទេសរបស់ក្លិប David Weir បានបានយាយថា៖”Roberto បានបង្ហាញសម្ថភាពនៃការដឹកនាំរបស់គេឲ្យយើងឃើញតាមរយៈការធ្វើការនៅអ៊ីតាលីនិងអ៊ុយក្រែនហើយជាពិសេសគឺការជួយ Sassuolo ឲ្យទទួលបានលទ្ធផលល្អ។ក្នុងរយៈពេលដ៏ខ្លីជាមួយ Shakhtar គ្រូបង្វឹករូបនេះពិតជាធ្វើបានល្អមែនទែនដោយដឹកនាំឲ្យក្លិបឆ្ពោះទៅវគ្គបន្តក្នុងពានខាប់និងឈរនៅកំពូលតារានៃលីគកំពូលអ៊ុយក្រែនមុនពេលសង្គ្រាមចូលមកដល់ដែលបានធ្វើឲ្យពេលវេលារបស់លោកនៅទីនោះត្រូវបានបញ្ចប់ភ្លាមៗ។”
“យើងរីករាយក្នុងការស្វាគមន៍ Roberto មកកាន់ក្លិបរបស់យើងហើយក្លិបនឹងណែនាំគ្រូបង្វឹករូបនេះទៅកាន់ក្រុមទាំងមូលដើម្បីឲ្យលោកបានបង្ហាញពីរបៀបដឹកនាំរបស់លោកទៅកាន់កីឡាករទាំងអស់ដើម្បីជួយឲ្យកីឡាករបន្តនូវការចាប់ផ្តើមរដូវកាលដ៏អស្ចារ្យរបស់ពួកគេ។” David Weirបានបន្ថែម។
កាលពីដើមខែកញ្ញា ឆ្នាំ2022 កន្លងទៅ Brighton បានបើកភ្លើងខៀវឲ្យក្លិបបាល់ទាត់ Chelsea នាំយក Graham Potter ទៅចូលរួមក្លិបហើយត្រូវបានគេដឹងថាតោខៀវបានចំណាយប្រាក់16លានផោនក្នុងការនាំយកគ្រូបង្វឹកវ័យ៤៧ឆ្នាំទៅកាន់ទឹកដី Stamford Bridge។
The Football Association ក៏បានចេញមកនិយាយថាវាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីឡើយសម្រាប់ការចាកចេញរបស់លោកទៅកាន់ Chelsea ដោយបានចាត់ទុកលោកជាអ្នកស្នងដំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Gareth Southgate។
ការដឹកនាំដំបូងរបស់ Graham Potter នៅកីឡដ្ឋាន Stamford Bridge បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ 1-1 ប៉ុណ្ណោះជាមួយ RB Salzburg ក្នុងក្របខណ្ឌ Champions League ចំណែកឯការប្រកួតបន្ទាប់ជាមួយនឹង Liverpool ក៏ត្រូវបានពន្យារពេលដោយសារតែការសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍ Elizabeth II៕