យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាបុគ្គលិកនិងកីឡាកររបស់ Manchester United រហូតដល់ទៅ១២នាក់បានមានបញ្ហាមិនស្រួលខ្លួនជាបន្តបន្ទាប់ក្រោយក្លិបសង្ស័យថាអាចមកពីការពុលអាហារដែលបានបរិភោគកាលពីប្រកួតក្នុងក្របខណ្ឌ Europa League ។
ជ័យជំនះ 2-0 របស់ Man Utd លើក្លិបបាល់ទាត់ FC Sheriff ក្នុងទឹកដី Moldova កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើឲ្យកីឡាករមួយចំនួនខកខានចូលរួមហ្វឹកហ្វាត់ជាមួយក្លិបកាលពីចុងសប្ដាហ៍កន្លងទៅ។
ក្រុមរបស់លោក Erik ten Hag នឹងមិនវិលត្រឡប់មកហ្វឹកហ្វាត់វិញទេរហូតដល់ថ្ងៃទី02 ខែតុលា នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅជួបក្រុមរួមទីក្រុង Manchester City បន្ទាប់ពី International Break ហើយកីឡាករដែលមានបញ្ហាសុខភាពក៏ក្លិបបានអនុញ្ញាតឲ្យទៅចូលរួមជាមួយក្រុមជម្រើសជាតិផងដែរ។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា អ្នកខ្លះនៅក្នុងជំរុំ Man Utd បានចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួនកាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ ហើយត្រូវបានក្លិបដាក់ការសង្ស័យថាអាចមកពីការទទួលទានអាហារនៅក្នុងប្រទេស Moldova ឬនៅលើយន្តហោះតាមផ្លូវត្រឡប់មកទីក្រុង Manchester វិញ។
ជ័យជំនះរបស់បិសាចក្រហមលើក្លិប Sheriff បានធ្វើឲ្យពួកគេរំកិលឡើងទៅចំណាត់លេខរៀងទី២ក្នុងតារាងពិន្ទុនៃពូល E ក្រោយប្រកួតបើកឆាកចាញ់ Real Socieded 1-0។
Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេក្នុងក្របខណ្ឌ Europa League ខណៈដែលមួយគ្រាប់ទៀតរកបានដោយកីឡាករ Jadon Sancho ដែលជាគ្រាប់បាល់ធានានូវជ័យជំនះសម្រាប់ Man Utd។
គ្រូបង្វឹកបិសាចក្រហមលោក Erik tan Hag បាននិយាយបន្ទាប់ពីចប់ការប្រកួតថា៖ “Ronaldo ពិតជាត្រូវការគ្រាប់បាល់, ជាច្រើនដងហើយដែលរូបគេកៀកនឹងរកគ្រាប់បាល់បានក្នុងរដូវកាលនេះ។យើងពិតជាសប្បាយចិត្តហើយក្រុមទាំងមូលបានព្យាយាមដើម្បីឲ្យរូបគេរកគ្រាប់បាល់បាន។ដូចអ្នកដឹងហើយថា Ronaldo នឹងអាចរកគ្រាប់បាល់បានដោយការស៊ុតប៉េណាល់ទី។រូបគេនឹងរកគ្រាប់បាល់បានបន្ថែមទៀតនៅពេលដែលកាយសប្បទារបស់គេត្រឡប់មកពេញលេញវិញ។ Ronaldo មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយក្រុមឲ្យទទួលបានលទ្ធផលល្អ គេសប្បាយចិត្តជាមួយនឹងអ្វីដែលគេកំពុងធ្វើសព្វថ្ងៃនេះ។”
ទន្ទឹមនឹងនេះ Jadon Sancho បានបង្ហាញទម្រង់លេងដ៏ល្អរបស់គេដោយរកបាន៣គ្រាប់ក្នុងការប្រកួត៦ប្រកួតចុងក្រោយ។ចំណែកអតីតកីឡាកររបស់ Man Utd Paul Scholes ជឿជាក់ថា Ten Hag នឹងបន្តឲ្យកីឡាករវ័យ២២ឆ្នាំរូបនេះលេងក្នុងតំបន់ប្រយុទ្ធឲ្យច្រើនជាជាងលេងតួនាទីជាខ្សែបម្រើស្លាបសុទ្ធសាទ្ធ។
Scholes បាននិយាយ៖ “រូបគេពិតជាធ្វើបានល្អមែនទែននៅក្នុងតំបន់គ្រោះថ្នាក់ជាពិសេសការភ្ចាប់លេងជាមួយនឹងមិត្តរួមក្រុម។នៅពេលលេងនៅ Dortmund រូបគេតែងតែមាន Haaland ឬ Hakimi ជាអ្នកភ្ចាប់លេងជាមួយគេ។បើសិនជាគេអាចធ្វើវាជាមួយ Manchester United ដូចជាការលេងភ្ចាប់គ្នាជាមួយ Bruno Fernandes និង Christian Eriksen ដែលសុទ្ធសឹងតែជាកីឡាករមានភាពវ័យឆ្លាតនោះរូបគេនឹងក្លាយជាកីឡាករល្អម្នាក់សម្រាប់ក្រុម Man Utd”៕