Skip to content
Peter Crouch ថាលោក Conte កំពុងប្រើយុទ្ធសាស្ត្រ Stoke City ក្នុងការដឹកនាំ Spurs
    ទំព័រដើម  »  កីឡាអន្តរជាតិ

Peter Crouch ថាលោក Conte កំពុងប្រើយុទ្ធសាស្ត្រ Stoke City ក្នុងការដឹកនាំ Spurs

កីឡាករ Peter Crouch បានយល់ឃើញថាកលល្បិចដឹកនាំ Tottenham Hotspur របស់ Antonio Conte គឺដូចគ្នាទៅនឹងអ្វីដែលលោកធ្លាប់បានឆ្លងកាត់កាលលេងនៅ Stoke City។

ក្លិបបាល់ទាត់ Spurs បានរងបរាជ័យជាលើកដំបូងក្នុងក្របខណ្ឌ Premier League រដូវកាលនេះកាលពីថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ ដោយត្រូវបានក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្នុងលទ្ធផល 3-1 នៅកីឡដ្ឋាន Emirates។

Tottenham មានឱកាសច្រើននៅវគ្គទី១ក្នុងការវាយបកប៉ុន្តែ Crouch មានអារម្មណ៍ថា Conte រៀបចំក្រុមលេងការពារខ្លាំងពេកទល់នឹងក្រុមរបស់ Mikel Arteta។ Peter Crouch បាននិយាយក្នុងអំឡុងពេលវិភាគសម្រាប់ BT Sport ថា៖ “ខ្ញុំធ្លាប់លេងបាល់របៀបបែបនេះកាលនៅ Stoke។ Spurs មានកីឡាករគ្រប់គ្រាន់ក្នុងការមិនលេងបាល់របៀបបែបនេះខ្ញុំគិតថាពួកគេអាចធ្វើអ្វីបានលើសពីនេះ។ប៉ុន្តែប្រសិនបើអ្នកសម្រេចលេងតាមរបៀបនឹងនោះអ្នកត្រូវមានកីឡាករនៅខាងលើឲ្យច្រើនហើយមានការចេញបាល់ទៅតំបន់ប្រយុទ្ធ អ្នកត្រូវតែច្បាស់ក្នុងការចេញបាល់និងដាក់ការគាបសង្កត់ដៃគូប្រកួត”។

កាលពីយប់ថ្ងៃអង្គារ ទី០៥ ខែតុលា ក្រុម Spurs បានទទួលរងនូវលទ្ធផលខកចិត្តបន្ថែមទៀតដោយរកបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះបន្ទាប់ពីស្មើគ្នា 0-0 ជាមួយ Eintracht Frankfurt ក្នុងក្របខណ្ឌ Champions League។លទ្ធផលនេះបានធ្វើឲ្យ Spurs ស្ថិតនៅលេខរៀងទី២ ក្នុងពូល D ដោយមាន៤ពិន្ទុក្រោយឆ្លងកាត់ការប្រកួត៣ប្រកួតខណៈ Sporting ឈរនៅកំពូលតារាងមាន៦ពិន្ទុ។

ថ្លែងបន្ទាប់ពីក្រុមរបស់លោកស្មើនៅទឹកដីអាល្លឺម៉ងលោក Conte បានទទួលស្គាល់ថាក្រុមរបស់លោកនៅពេលនេះធ្វើមិនទាន់បានល្អឡើយ។

Conte ថា៖ “ខ្ញុំគិតថាយើងពិតជាធ្វើបានល្អមែនទែនដែលមាសឱកាសលេងនៅ Champions League។យើងបានបញ្ចប់រដូវកាលដោយនៅសល់កីឡាករប្រមាន១២ឬ១៣នាក់ប៉ុណ្ណោះ។ខ្ញុំតែងតែនិយាយថាប្រហែលជាយើងសំណាងហើយដែលបានចូលប្រកួតនៅពានរង្វាន់ដ៏ធំនេះ ប្រសិនបើអ្នកប្រៀបធៀប Champions League ជាមួយ Europa League ឬ Conference League នោះវាខុសគ្នាទាំងស្រុង។អ្នកត្រូវតែលេងជាមួយនឹងក្រុមដ៏ខ្លាំងបំផុតដែលអ្នកមានហើយវាមិនមានភាពងាយស្រួលឡើយក្នុងការធ្វើវា។ខ្ញុំបាននិយាយទាក់ទងទៅនឹងទីផ្សារដោះដូរកីឡាករហើយយើងពិតជាត្រូវការកីឡាករចំណូលថ្មីបន្ថែមទៀត”។

“ការប្រកួតថ្ងៃនេះខ្ញុំបានធ្វើការប្តូរកីឡាករ Bryan Gil ឲ្យលេងអ្នកដឹងហើយគេជាកីឡាករវ័យក្មេង។យើងត្រូវផ្តល់ឱកាសឲ្យកីឡាករទាំងអស់បានលេង ក្រុមទាំងមូលត្រូវតែរឹងមាំ។ប្រសិនបើយើងមានមានមហិច្ឆតានិងបំណងចង់ឈ្នះការប្រកួតនៅ Premier League និង Champions League ហើយកីឡាករបាត់បង់ថាមពលនិងកីឡាករជាច្រើនមានបញ្ហារបួសនោះប្រាកដណាស់យើងពិតជាត្រូវការកីឡាករច្រើនបន្ថែមទៀត”។Conte បន្ថែម៕