Kylian Mbappe គឺជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២២នេះដោយឡើងទៅឈរពីលើកីឡាកករ Cristiano Ronaldo និង Lionel Messi នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីពេលថ្មីៗកន្លងទៅ។
Mbappe បានបន្តកិច្ចសន្យាថ្មីដែលមានតម្លៃដ៏ច្រើនលើសលប់ដែលតម្រូវឲ្យរូបគេបន្តស្នាក់នៅទីក្រុងប៉ារីសរហូតដល់ឆ្នាំ២០២៥។កិច្ចសន្យាថ្មីនេះបានរុញច្រានឲ្យរូបគេឡើងទៅឈរលើ Messi ដែលកំពុងតែកាន់កាប់កំពូលតារាងក្នុងនាមជាកីឡាករបាល់ទាត់រកចំណូលបានច្រើនជាងគេ។
យ៉ាងណាមិញយើងក៏មើលឃើញពីការផ្លាស់ប្តូរមួយចំនួនបន្ទាប់ពីតារាងចំណាត់ថ្នាក់ត្រូវបានបង្ហាញដោយកីឡាករជាច្រើនមកពី Premier League បានជាប់ឈ្មោះក្នុងបញ្ជីហើយក៏មានការជាប់ឈ្មោះជាលើកដំបូងផងដែរក្នុងបញ្ជីកំពូលទាំង១០សម្រាប់កីឡាករសញ្ជាតិន័រវេស Erling Haaland ក្រោយផ្លាស់ទៅចូលរួមជាមួយក្លិបអ្នកមាន Manchester City។
ខាងក្រោមនេះគឺជាកីឡាករទាំង១០ដែលរកចំណូលបានច្រើនជាងគេ
10.Kevin De Bruyne – $29m (£26.5m)
De Bruyne បានបង្កើនសម្ថភាពរបស់ខ្លួនយ៉ាងខ្លាំងដោយបានក្លាយជាខ្សែបម្រើដ៏ឆ្នើមម្នាក់ប្រចាំ Premier League។តាមរយៈការលេងបាល់ដ៏ប៉ិនប្រសប់របស់គេកាលពីឆ្នាំមុនកីឡាកររូបនេះរកចំណូលបាន២៥លានដុល្លាខណៈរូបគេក៏មានកិច្ចព្រមព្រៀងជាមួយម៉ាកយីហោល្បីៗចំនួន១១ផងដែរក្នុងក៏មាន Nike ដែលបានផ្តល់ទឹកប្រាក់ឲ្យគេចំនួន៤លានដុល្លាជាមួយនឹងការផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុន។
9.Andres Iniesta – $30m (£27m)
ចាត់តាំងពីចាកចេញពី Barcelona មក Iniesta បានធ្វើជំនួញនៅក្នុងប្រទេសជប៉ុនដោយការបណ្តាក់ទុនបើកអាជីវកម្មលក់ស្បែកជើងដែលមានហត្ថលេខាផ្ទាល់ខ្លួនរបស់រូបគេ។ Iniesta អាចរកចំណូលបានរហូតដល់ទៅ៥លានដុល្លាពីការលក់ស្បែកជើងរបស់គេកាលពីឆ្នាំមុន។
ក្រៅពីការធ្វើជំនួញកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅតែបន្តលេងបាល់ទាត់ក្នុងលីគកំពូលជប៉ុនដោយគិតក្នុងរយៈពេល១២ខែចុងក្រោយរូបគេរកបាន២៥លានដុល្លា។
8.Eden Hazard – $31m (£28m)
ទោះបីជាមិនសូវមានឱកាសបង្ហាញខ្លួនលើទីលានចាត់តាំងផ្ទេរពី Chelsea ទៅ Real Madrid ក៏ដោយក៏ Hazard នៅតែស្ថិតក្នុងបញ្ជីកីឡាករកំពូលទាំង១០ដែលអាចរកចំណូលបានច្រើនបំផុត។
កីឡាករសញ្ជាតិបែលហ្សិករូបនេះទទួលបានលុយចំនួន២៧លានដុល្លាពីកិច្ចព្រមព្រៀងរបស់គេជាមួយ Real Madrid និងទទួលបាន៤លានដុល្លាពីការវិនិយោគផ្សេងៗរបស់គេក្រៅពីការលេងបាល់ទាត់។
7.Robert Lewandowski – $35m (£31m)
ចំណូលរបស់ Lewandoski បានកើនឡើងថែមមួយកម្រិតទៀតបន្ទាប់ពីការចាកចេញពីទឹកដីអាល្លឺម៉ង់មកចូលរួមជាមួយ Barcelona។ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះទទួលបានចំណូលប្រមាណ៨លានដុល្លាពីកិច្ចព្រមព្រៀងរបស់គេជាមួយក្រុមហ៊ុន Nike និងតាមរយៈម៉ាកសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គេ RL9។
ការរកបានគ្រាប់បាល់បានដ៏ច្រើនកាលពីរដូវកាលមុនបានធ្វើឲ្យរូបគេអាចរកចំណូលបានរហូតដល់ទៅ២៧លានដុល្លា។
6.Erling Haaland – $39m (£35m)
ជាមួយនឹងការមានឈ្មោះលើកដំបូងក្នុងបញ្ជីកីឡាករកំពូលទាំង១០ Haaland អាចនឹងបង្កើនចំណូលរបស់គេបន្ថែមទៀតនៅឆ្នាំក្រោយនេះ។កីឡាករវ័យ២២ឆ្នាំរូបនេះទទួលបានលុយប្រហែលជា៤លានដុល្លាពីការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Samsung ហើយបើតាមរបាយការណ៍បង្ហាញមកថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្ទាប់របស់គេអាចមានតម្លៃប្រមាណជា១៨លានដុល្លា។
នៅលើទីលានប្រកួតរូបគេទទួលបានថ្លៃនឿយហត់៣៥លានដុល្លាចាត់តាំងពីគេផ្លាស់ទៅកាន់ក្លិបនៅ Premier League រដូវក្តៅនេះ។
5.Mohamed Salah – $53m (£47m)
បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Liverpool ក្នុងរដូវក្តៅនេះដែលរក្សាគេរហូតដល់ឆ្នាំ២០២៥ Salah ទទួលបានប្រាក់ចំនួន៣៥លានដុល្លា។
ក្រៅពីចំណូលពីអាជីពបាល់ទាត់រូបគេក៏ជាអ្នកផ្សព្វផ្សាយផលិតផលឲ្យក្រុមហ៊ុន Adidas ផងដែរដោយទទួលបានលុយចំនួន១៨លានដុល្លាពីក្រុមហ៊ុនយក្សមួយនេះ។
4.Neymar Jr – $87m (£78m)
ការចាកចេញរបស់ Neymar ពី Barcelona ទៅ PSG កាលពីឆ្នាំ២០១៧នៅតែជាការផ្ទេរកីឡាករដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ក្រោយបន្តកិច្ចសន្យាជាមួយ PSG រូបគេនៅតែបន្តឈរនៅតំបន់កំពូលទាំង៥ក្នុងនាមជាកីឡាករបាល់ទាត់រកចំណូលបានច្រើនបំផុត។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះទទួលបាន៥៥លានដុល្លាពីការបង្ហាញខ្លួនលើទីលានរបស់គេឲ្យ PSG ខណៈចំណូល៣២លានដុល្លាទៀតរូបគេទទួលបានពីការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Puma និង Ooredoo Group។
3.Cristiano Ronaldo – $100m (£90m)
Ronaldo គឺជាកីឡាករដែលរកចំណូលបានច្រើនជាងគេបំផុតបើសិនជាយើងមិនគិតពីប្រាក់ចំណូលនៅលើទីលានប្រកួត។កីឡាកររូបនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំៗដូចជា Nike, Herbalife និង Livescore ដែលធ្វើឲ្យរូបគេទទួលបានលុយប្រមាណ៦០លានដុល្លា។
បើទោះបីជារដូវកាលមុនរូបគេមិនសូវជោគជ័យនៅលើទីលានប្រកួតក៏ដោយក៏កីឡាកររូបនេះនៅតែអាចទទួលបានចំណូល៤០លានដុល្លាពីអាជីពបាល់ទាត់របស់គេ។លុយមួយចំនួនទៀត Ronaldo បានមកពីបណ្តាញសង្គម Instagram ដែលមានអ្នក Follows រហូតដល់ទៅ 486លាននាក់។
2.Lionel Messi – $120m (£108m)
ទទួលបានចំណាត់ថ្នាក់លេខមួយកាលពីឆ្នាំមុនត្រូវបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលនេះដោយមិត្តរួមក្លិបរបស់ខ្លួនប៉ុន្តែចំណូល Messi នៅតែចូលដូចជាទឹកហូរអីចឹងក្នុងរយៈពេល១២ខែចុងក្រោយនេះ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេរាយការណ៍មកថារូបគេរកចំណូលពីខាងក្រៅបាន៥៥លានដុល្លារនិង៦៥លានដុល្លារទៀតបានមកពីការប្រកបអាជីពបាល់ទាត់។
1.Kylian Mbappe – $128m (£115m)
Mbappe បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយ PSG កាលពីដើមឆ្នាំនេះជាមួយនឹងសុពលភាពរហូតដល់ឆ្នាំ២០២៥ដោយកុងត្រាថ្មីនេះធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ក្នុងរយៈពេល១២ខែចុងក្រោយនេះរូបគេទទួលបានប្រាក់ពីការប្រកបអាជីពបាល់ទាត់ដ៏ច្រើនមិនគួរឲ្យជឿរហូតដល់ទៅ 110 លានដុល្លាឯណោះ។
មិនតែប៉ុណ្ណោះ Mbappe ក៏ទទួលបាននូវការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន EA និង Nike ដែលបានផ្តល់នូវទឹកប្រាក់ចំនួន១៨លានដុល្លាបន្ថែមទៀតសម្រាប់កីឡាកររូបនេះ។