លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលរបស់ខ្លួនកាលពីពេលថ្មីៗនេះ ខណៈមកដល់ដើមឆ្នាំ២០២៣នេះ ក្លិបនីមួយៗកំពុងមមាញឹក ក្នុងការនាំចូលកីឡាករថ្មីៗ និង រុះរើសមាជិកក្រុមមួយចំនួន ដើម្បីពង្រឹងក្លិបក្នុងរដូវកាលថ្មី ដែលចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ២០២៣ ក៏ដូចជាការត្រៀមលក្ខណៈក្នុងការប្រកួត League Cup និងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ។
ក្នុងនោះដែរសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី០២ ខែ មករា ឆ្នាំ២០២៣ ស្ដីពីការចាកចេញអ្នកចាំទីចាស់វស្សា អ៊ុំ វិចិត្រ ហើយក៏បានផ្ញើសារជូនពររូបគេ ទទួលបាននូវភាពជោគជ័យបន្តទៀតលើវិស័យកីឡាបាល់ទាត់ បន្ថែមទៀតដូចអ្វីដែលបានប៉ងប្រាថ្នា។ អ្នកចាំ អ៊ុំ វិចិត្រ បានរួមរស់ជាមួយ Tiffy Army អស់ជាច្រើនរដូវកាលចាប់តាំងពីឆ្នាំ ២០០៨ មករហូតដល់ឆ្នាំ២០១៩ បន្ទាប់មកវិចិត្រក៏បានបន្តដំណើរ បានចូលរួមជាមួយក្លិប ភ្នំពេញក្រោនបានមួយរដូវកាល ឆ្នាំ២០២០ ដល់ឆ្នាំ ២០២១។ រួចចូលមកដល់រដូវកាលឆ្នាំ ២០២២ រូបគេបានត្រលប់មកលេងឲ្យ Tiffy Army វិញ និងរួមចំណែកឲ្យក្លិបទទួលបានត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងលីគកំពូលកម្ពុជាឆ្នាំ២០២២ ។
ចំណែកក្លិបវិសាខាវិញក៏បានប្រកាសក្នុងការនាំចូលកីឡាថ្មីៗ ជាច្រើនរូបផងដែរក្នុងរដូវកាលនេះ ក្នុងនោះអតីតកីឡាករ ព្រះខ័នរាជស្វាយរៀងEmmanuel Mbarga បានចូលរួមជាផ្លូវការជាមួយក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី០២ ខែមករាឆ្នាំ២០២៣ ។ Emmanuel Mbarga ដែលប្រិយមិត្តស្គាល់ថាជាប្អូនប្រុសបង្កើតរបស់កីឡាករ Privat Mbarga ធ្លាប់បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងនៅរដូវកាលឆ្នាំ២០២២ ពោលរូបគេ ចូលរួមជាមួយស្វាយរៀងបានតែពាក់កណ្ដាលរដូវកាលតែប៉ុនណ្ណោះ ក្រោយមកក្លិបក៏បានបញ្ចប់កិច្ចសន្យាមុនការកំណត់។ គួរបញ្ជាក់ផងដែលថា ក្លិបវិសាខាមិនត្រឹមតែនាំចូលសមាជិកថ្មី Emmanuel មកកកនុងការត្រៀមរដូវកាលថ្មីនោះទេ ក្លិបក៏បាន នាំចូលកីឡាករក្មេងៗមួយចំនួនមកពីក្លិបបាល់ទាត់ខេត្តព្រៃវែងផងដែរដូចជា ស រតនា ស៊ិន សុវណ្ណាមករា វឿន វ៉ា និង ចាន់ សារ៉ាពេជ្រ៕