រដូវកាលថ្មីនៃលីគកម្ពុជាទាំង Cambodia Premier League និង Cambodia League 2 នឹងចាប់ផ្ដើមដំណើរការនៅដើមខែសីហាឆ្នាំ២០២៣ ខណៈក្រុមនីមួយៗកំពុងរៀបចំក្រុមឡើងវិញដើម្បីត្រៀមរដូវកាលថ្មីក្នុងពេលឆាប់ៗនេះ។
ក្នុងនោះដែរកីឡាករប្រេស៊ីល Bruno krenkel លេងឲ្យក្រុម Next Step FC ស្ថិតនៅលីគ២កម្ពុជារដូវកាលឆ្នាំ២០២២នោះ រូបគេកំពុងតែប្រកាសរកក្លឹបលេងនៅឡើយសម្រាប់រដូវកាលថ្មីនេះ ហើយរូបគេក៏កំពុងតែបន្តរស្នាក់នៅដឹកដីអង្គរ ខេត្តសៀមរាបឡើយ។ បើតាមការបញ្ជាក់នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់គេ ជាមួយសំណេរ អមដោយវីឌីអូ ប្រមាណជិត១នាទីកំពុងហ្វឹកហាត់ថា ” ខ្ញុំកំពុងតែបន្តការខិតខំប្រឹងប្រែង និងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីខាងមុខនេះ។ខ្ញុំនៅមិនទាន់ដឹងថាក្លឹបណាដែលខ្ញុំនឹងលេងឲ្យនោះទេ ប៉ុន្តែខ្ញុំបើកចំហក្នុងការទទួលសំណើ ហើយរីករាយក្នុងការអង្គុយពិភាក្សាពីរឿងនេះ ។ ខ្ញុំតែងតែយកចិត្តទុកដាក់លើអាជីពរបស់ខ្ញុំ ដូច្នេះការចាប់អារម្មណ៍ណាមួយសូមមករកខ្ញុំផ្ទាល់ ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវលើរឿងនេះ។រឿងល្អៗកំពុងមករកខ្ញុំហើយ ខ្ញុំនឹងត្រៀមខ្លួនដើម្បីភាពជោគជ័យមួយនោះ ។ ភាពជឿជាក់ ជំនឿ និងការខិតខំប្រឹងប្រែង! “ ។
កីឡាករ Bruno krenkel ត្រូវបានទស្សនិកជនស្គាល់ច្បាស់អំឡុងពេលលេងឲ្យក្រុម Next Step FC ក្នុងពានរង្វាន់ Cambodia League 2 ដោយរូបគេស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងជំនួបជាមួយក្រុមបាល់ទាត់ខេត្តព្រៃវែង ហើយគ្រាប់បាល់បញ្ចូលទីនោះ ត្រូវបានវិសាយល្បីៗជុំវិញពិភពលោក ចែកចាយបន្ត ដែលមានអ្នកចូលមើលរាប់លាននាក់ ។ លើសពីនេះទៅទៀតកាលពីពេលថ្មីៗនេះ កីឡាករលំដាប់ពិភពលោក Neymar JR ក៏បានទស្សនាគ្រាប់បាល់របស់ Bruno ហើយបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះគ្រាប់បាល់បញ្ចូលទីពីចម្ងាយរបស់គេផងដែរ ។
សម្រាប់រដូវកាលថ្មីដែលចាប់ផ្ដើមនាពេលខាងមុខនេះថាតើ Bruno Krenkel នឹងចូលរួមជាមួយក្លិបមួយណាក្នុងលីគប្រទេសកម្ពុជា?
គួរបញ្ជាក់ផងដែរថា លីគកំពូលកម្ពុជានឹងចាប់ផ្ដើមការប្រកួត នៅដើមខែសីហា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៤ ស្របពេលលីគ២កម្ពុជា បើកការប្រកួតសប្ដាហ៏ទី១ នៅដើមខែសីហាដូចគ្នា ប៉ុន្តែនឹងបញ្ចប់ទៅវិញក្នុងខែកុម្ភៈឆ្នាំ២០២៤ ខណៈពេលដែរ ចន្លោះរងចាំការប្រកួតលីគកំពូលកម្ពុជា និង លីគទី២នៅរយៈពេលយូរ ក្រុមហ៊ុនCPL បានរៀបចំការប្រកួត Cambodia League Cupឡើង ហើយគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១១ និងទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ ២០២៣ខាងមុខ នេះបើយោងទៅតាមការបង្ហោះកម្មវីធីប្រកួតព្រាងដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣ – ២០២៤៕