Skip to content
ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាប្រមូលមូលនិធិបាន ៦០០ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផាចំថ្ងៃ បង្កើតក្រុមរបស់ខ្លួន
    ទំព័រដើម  »  កីឡាជាតិ

ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាប្រមូលមូលនិធិបាន ៦០០ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផាចំថ្ងៃ បង្កើតក្រុមរបស់ខ្លួន

ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបកំណើតក្រុមអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ឆ្នាំ ដោយបង្កើតជាមូលនិធិប្រមូលពីសមាជិកបានចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិកដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា  ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ។

មូលនិធិនេះត្រូវបានបង្កើតឡើងដោយលោក​ ស៊ិន វីរ៉ុត រុន  ហៅ Juneជាប្រធានក្រុមអ្នកគាំទ្រ  នៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ហើយ បិទបញ្ចប់នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣  ពោលគឺមានរយៈពេល៧ ថ្ងៃ។ ជាលទ្ធផលថវិកាដែលប្រមូលបានសរុបគឺមានចំនួន 600$ (ប្រាំមួយ រយ  ដុល្លារ អាមេរិក )  បានប្រគល់ដល់ដៃមន្ទីរ ពេទ្យនៅថ្ងៃទី០៥ ខែកញ្ញា នេះ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជា បានធ្វើកម្មវិធី សប្បុរសធម៌ របស់ ខ្លួន  ដោយកន្លងមក  ពួកគេបានធ្វើការប្រកួត បាល់ទាត់ សប្បុរសធម៌ , ការបរិច្ចាគឈាម , ការឧបត្ថម្ភដល់ក្រុមបាល់ទាត់ដែលខ្វះខាតនៅតាមបណ្ដាខេត្តដូចជាបាល់សំលៀកបំពាក់ … ជាដើម។

លោកJune  ដែលបច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្លឹបអ្នកគាំទ្រ  Liverpoolនៅកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែ សីហាឆ្នាំ ២០១១ គិតមកដល់ពេលនេះមានអាយុ១២ឆ្នាំហើយ ។

និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរូបនេះ ឲ្យដឹងថា  ក្រៅពីការប្រមូល ផ្ដុំអ្នកដែលស្រឡាញ់ ក្លឹប  Liverpoolដូចគ្នា លោកចង់បង្កើតសកម្មភាពនានា  ដើម្បីឲ្យបរទេសបានស្គាល់ពីកម្ពុជាផង និង សកម្មភាព ដែលចំណេញ ដល់ កម្ពុជាផង តួយ៉ាងដូចជា ការធ្វើសកម្មភាព សប្បុរសនេះជាដើម។

ទោះចំនួននេះ មិនច្រើន លើសលប់ តែវាឆ្លុះបញ្ចាំងពីទឹកចិត្ត របស់អ្នកចូលរួម ដែលមានចាប់តាំង ពី១ ដុល្លារ  ២ ដុល្លារ ៥ដុល្លារ ដល់១០០ដុល្លារ។  លោកសន្យាថា  ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជា នឹងបន្តធ្វើនៅឆ្នាំបន្ត បន្ទាប់ទៀត ដើម្បីជាគំរូមួយ និងការបង្ហាញ ពីសាមគ្គីភាព របស់គ្រួសារខ្មែរ៕