កីឡាការិនី យ៉ែម នារតី អតីតកីឡាការីនីបាល់ទាត់ ភ្នំពេញក្រោន និង បឹងកេត បានបង្ហាញទស្សនៈជុំវិញការរើសអើងនារី ក្នុងការចូលរួមលេងកីឡាបាល់ទាត់មកកាន់ AMS Sports ថា ខ្ញុំសូមលើកចិត្តដល់កីឡាការិនីដែលខ្ញុំបានឃើញទទួលបានការរើសអើងក្នុងការលេងកីឡាបាល់ទាត់ សូមកុំបោះបង់អី ព្រោះយើងមានរៀមច្បងមុនៗគាត់បានតស៊ូ និង លះបង់ជាច្រើនឆ្នាំមកហើយ។ ប្រសិនជាបោះបង់ចោលមែនពិតជាគួរសោកស្ដាយសម្រាប់ការលះបង់របស់ពួកគាត់។
កីឡាការិនីដែលរស់នៅរាជធានីភ្នំពេញខាង បានចូលប្រឡូកក្នុងវិស័យបាល់ទាត់ដំបូងក្នុងឆ្នាំ2017 រហូតដល់ឆ្នាំ2021 នៅភ្នំពេញក្រោន បន្ទាប់មកក៏បានទៅចូលរួមជាមួយបឹងកេតក្នុងលក្ខខណ្ឌខ្ចី women league 2020-2021 ជើងទី2 ។ ក្នុងឆ្នាំ2019 រូបគេបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិនារីអាយុក្រោម19ឆ្នាំ។
ដោយហេតុស្រលាញ់វិស័យកីឡា កីឡាការិនីលេងតួនាទីបម្រើប្រយុទ្ធខាងលើនៅតែបន្តលេងកីឡាដូចជា Football Free Style និង កីឡាបាល់ទាត់លើតុ TeqBall រហូតបានជាប់ក្រុមជម្រើសជាតិលើប្រភេទកីឡាបាល់ទាត់លើតុ។ក្នុងឱកាសបង្ហាញខ្លួនក្នុង Sea Games 2023 ដែលកម្ពុជាផ្ទះ នារតីទទួលបានមេដាយប្រាក់ផងដែរ។ ហើយរូបគេក៏បានបង្ហើបផងដែរថា អាចនឹងត្រលប់មកវាលស្មៅវិញក្នុងពេលឆាប់ៗខាងមុខ៕