កាលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមបាល់ទាត់ Mate Jr បានរៀបចំការប្រកួតលក្ខណៈតេស្ដសមត្ថភាពយុវជន ឬ Europe Trial នៅទីលានវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ការប្រកួតតេស្ដនេះមាន៦កម្រិតអាយុ គឺ ក្រោម១០ឆ្នាំ, ក្រោម១២ឆ្នាំ, ក្រោម១៣ឆ្នាំ, ក្រោម១៤ឆ្នាំ, ក្រោម១៦ឆ្នាំ និងក្រោម១៩ឆ្នាំ។ យុវជន ម៉ាក សុទ្ធាពិសិដ្ឋ ស្ថាបនិកក្រុម Mate Jr ថ្លែងថា ការរៀបចំការប្រកួតតេស្ដនេះដើម្បីឱ្យយុវជនបានបង្ហាញសមត្ថភាព ផ្លាស់ប្ដូរបទពិសោធបទពិសោធក៏ដូចជាបង្ហាញឱ្យគ្រូៗបច្ចេកទេសបានឃើញ។
គេក៏បញ្ជាក់ថា Mate Jr នឹងចែករំលែកចំណេះដឹង និងបង្កើតទំនាក់ទំនងដល់យុវជនដែលបានចូលរួម។ លោក អ៊ូ ម៉ៅ នាយករងវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ មើលឃើញថា នេះជាសកម្មភាពដ៏ល្អក្នុងការចូលរួមចំណែកអភិវឌ្ឍកីឡានៅកម្ពុជា តាមរយៈការផ្ដល់ឱកាសដល់យុវជនបានបង្ហាញសមត្ថភាព ឈានទៅទទួលបានការបណ្ដុះបណ្ដាលទៅកាន់កម្រិតកាន់តែខ្ពស់ថែមទៀត។
លោកទទូចដែរថា វិទ្យាល័យរបស់លោកក៏រីករាយដែលបានចូលរួមចំណែករៀបចំការប្រកួតនេះ។ ការប្រកួតលក្ខណៈតេស្ដសមត្ថភាពយុវជន EUROPE Trail នេះមានយុវជនចូលរួមសរុប២៥២នាក់មកពី ១០សាលាផ្សេងគ្នា។ ក្រោយចប់ការប្រកួត យុវជនរឆ្នើមចំនួន១៥រូបត្រូវបានជ្រើសរើសទៅហ្វឹកហាត់នៅអឺរ៉ុប និង ១០នាក់ទៀតទទួលបានការបណ្ដុះបណ្ដាលពី Mate JR Sport រយៈពេល ៣ខែ។
សម្រាប់វិធីនៃការជ្រើសរើសវិញ លោក Joel Arron មកពី Aarron Sport Consulting យុវជនដែលជាប់ក្នុងចំណោម Top Taltent បានបង្ហាញសមត្ថភាពយ៉ាងល្អទាំងការសហការជាក្រុម និងសមត្ថភាពឯកត្តជន។ លោកក៏បានចែករំលែកពីការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា ដោយព្យាយាមសម្រួចតាំងពីថ្នាលយុវជន ឡើងដល់កម្រិតក្រុមធំ៕