លោក បុិច គីមឡុង គ្រូបង្វឹកក្រុមបាល់ទាត់កុមារាក្រុងអរិយក្សត្រក្រោយក្លាយជាជើងឯកកម្រិតបឋមសិក្សាទូទាំងខេត្តកណ្តាលរួចមកបានដាក់គោលដៅដណ្តើមជើងឯកថ្នាក់ជាតិមួយបន្ថែមទៀត។ គ្រូបង្វឹកវ័យ ២៨ឆ្នាំរូបនេះមានមហិច្ឆតាដូច្នេះក៏ព្រោះតែលោកធ្លាប់មានបទពិសោធដឹកនាំក្រុមបញ្ចប់ទៅត្រឹមជើងឯករងកាលពីឆ្នាំកន្លងៗទៅ។
គ្រូបង្រៀនសាលាបឋមសិក្សាព្រែកជ្រូក ដដែលនេះបានសិក្សាពីចំណុចខ្វះខាត និងព្យាយាមបំពេញបន្ថែមនៅចំណុចចន្លោះប្រហោងនានាពីឆ្នាំមុនៗ។ លើសពីនេះ សម្រាប់រដូវកាលថ្មីនេះលោកគ្រូ ឡុង មានជំនឿលើក្រុមបាល់ទាត់កុមារារបស់លោកភាគរយខ្ពស់ក្នុងការប្រកួតប្រជែងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣-២០២៤។
“ក្នុងឆ្នាំហ្នឹងខ្ញុំព្យាយាមធ្វើមិចដាច់ខាតឡើងទៅវគ្គផ្តាច់ព្រ័ត្រទៀត ប្តេជ្ញានឹងធ្វើឱ្យបានល្អ។”
ក្រុមបាល់ទាត់កុមារាក្រុងអរិយក្សត្រមុនក្លាយជាបេក្ខភាពតំណាងខេត្តកណ្តាលទៅប្រកួតប្រជែងថ្នាក់ជាតិនេះ ក្នុងវគ្គផ្តាច់ព្រ័ត្របានយកឈ្នះលើក្រុមបាល់ទាត់កុមារាស្រុកល្វាឯមក្នុងលទ្ធផល ២ទល់នឹង០ ផងដែរ៕