Skip to content
កីឡាករចាស់បំផុតទាំង១០រូបនៅ Premier League រដូវកាល ២០២០-២១
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករចាស់បំផុតទាំង១០រូបនៅ Premier League រដូវកាល ២០២០-២១

ក្របខណ្ឌកំពូលអង់គ្លេស Premier League គឺជាលីគមួយមានការប្រកួតប្រជែងខ្លាំងបំផុត ដែលសម្បូរទៅដោយកីឡាករបច្ចេកទេសល្អ និង​ កាយសម្បទារឹងមាំ។ ក្នុងនោះដែរ ក៏មានកីឡាករដ៏ពោរពេញទៅដោយបទពិសោធ ហើយអាចបង្ហាញសមត្ថភាពនៅលើទីលានប្រកួតបាន ថ្វីដ្បិតតែមានការថមថយកម្លាំង ដោយសារវ័យកាន់តែជ្រេក្ដី។

បើតាមការទិន្នន័យដែលស្រង់ចេញពី សារព័ត៌មាន The Sun ខាងក្រោមនេះ ជាកីឡាករទាំង១០រូប ដែលមានអាយុច្រើនបំផុត ដែលកំពុងប្រកបអាជីពនៅលីគកំពូលអង់គ្លេស៖

១០. Phil Bardsley – ៣៥ឆ្នាំ (កើតថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៨៥)

Phil Bardsley របស់ក្រុម Burnley ជាកីឡាករក្មេងជាងគេ ក្នុងបញ្ជីកីឡាករមានអាយុច្រើនបំផុត ដែលកំពុងប្រកបអាជីពនៅ Premier League។ ខ្សែការពារវ័យ៣៥ឆ្នាំ ចូលលេងបានសរុប ៣៣៥ប្រកួតនៅក្របខណ្ឌកំពូលអង់គ្លេស ជាមួយក្លិប Manchester United, Aston Villa, Sunderland និង ក្លិបបច្ចុប្បន្ន Burnley។

៩. Fernandinho – ៣៥ឆ្នាំ (កើតថ្ងៃទី ៤ ខែឧសភា ឆ្នាំ១៩៨៥)

ដ្បិតមានវ័យចំណាស់បន្ដិចក៏ពិតមែន ប៉ុន្ដែ Fernandinho នៅតែដើរតួយ៉ាងសំខាន់ ក្នុងរយៈពេល​៨រដូវកាលជាមួយ Manchester City។ ខ្សែបម្រើការពារប្រេស៊ីលរូបនេះ បានរួមចំណែកជួយឱ្យ ក្លិបមេឃខៀវឈ្នះពាន Premier League ៣លើក សម្រាប់ការបង្ហាញខ្លួន ២២៨ប្រកួត នៅក្នុងលីគ។

៨. Lukasz Fabianski – ៣៥ឆ្នាំ (កើតថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៨៥)

Lukasz Fabianski បានបង្ហាញវត្តមានគ្រប់ការប្រកួតនៅ Premier League សម្រាប់រដូវកាល ២០២០-២១។ អ្នកចាំទីជនជាតិប៉ូឡូញរូបនេះ ប្រកបអាជីពនៅលីគកំពូលអង់គ្លេស​ជាមួយក្លិបពីរគឺ Arsenal ចន្លោះពីឆ្នាំ ២០០៧ ដល់ ២០១៤ ហើយនឹង West Ham ចាប់ពីឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ន ក្រោយ​ផ្លាស់​មក​ពី Swansea City។

ទោះបីជារួមរស់ជាមួយក្លិបកាំភ្លើងធំអស់រយៈពេលច្រើនឆ្នាំជាង ប៉ុន្ដែ Fabianski បង្ហាញខ្លួនក្នុងការប្រកួតសម្រាប់ West Ham បានច្រើនជាង។

៧. Pablo Hernandez – ៣៥ឆ្នាំ (កើតថ្ងៃទី ១១ ខែមេសា ឆ្នាំ១៩៨៥)

ខ្សែបម្រើអេស្ប៉ាញ Pablo Hernandez ទើបតែចូលលេងបានតែម្ដងប៉ុណ្ណោះ សម្រាប់ក្រុមចំណូលថ្មីនៅលីគកំពូលអង់គ្លេស Leeds United ខុសប្លែកពី៤រដូវកាលកន្លងមក ដែល Hernandez ចូលលេងសឹងគ្រប់ប្រកួតនៅលីគលំដាប់ទី២នៅអង់គ្លេស។

ទោះយ៉ាងណាក្ដី កីឡាករវ័យ៣៥ឆ្នាំរូបនេះ ធ្លាប់បង្ហាញខ្លួន ៥៧ប្រកួតនៅ Premier League នៅរដូវកាល ២០១២-១៣ និង ២០១៣-១៤ ជាមួយក្លិប Swansea City។

៦. Thiago Silva – ៣៦ឆ្នាំ (កើតថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៩៨៤)

ខ្សែការពារឆ្នើមប្រេស៊ីល Thiago Silva បានចូលរួមជាមួយ Chelsea នៅរដូវក្ដៅឆ្នាំ២០២០ ដោយមិនមានតម្លៃផ្ទេរ ក្រោយផុតកុងត្រាពីក្លិបយក្សបារាំង Paris Saint-Germain។ ខ្សែការពារឆ្នើមវ័យ៣៦ឆ្នាំ ចូលលេងបាន៥ប្រកួតសម្រាប់ក្រុមលោក Frank Lampard នៅ Premier League ហើយបានជួយឱ្យពួកគេឈរនៅលេខ៣ ដោយមានគម្លាតតែពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាង Tottenham Hotspur ដែលមាន២០ពិន្ទុ។

៥. Branislav Ivanovic – ៣៦ឆ្នាំ (កើតថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៩៨៤)

នៅក្នុងវ័យ៣៦ឆ្នាំ ខ្សែការពារ Ivanovic បានសម្រេចផ្ទេរមកចូលរួមជាមួយ West Brom នៅដើមរដូវកាល ២០២០-២១ ពីក្លិបរុស្ស៊ី Zenit Saint Pertsburg ប៉ុន្ដែបង្ហាញខ្លួននៅលើទីលានបានតែ៣ប្រកួតប៉ុណ្ណោះ Premier League។

ខ្សែការពារស៊ែប៊ីរូបនេះ ធ្លាប់ប្រកបអាជីពនៅក្របខណ្ឌកំពូលអង់គ្លេស ១០រដូវកាល ជាមួយក្លិបតោខៀវ Chelsea ចន្លោះពីឆ្នាំ ២០០៧ ដល់ ២០១៧ ដោយចូលលេងបាន ២៦១ប្រកួត ព្រមទាំងបានឈ្នះពាន Premier League ៣លើកផងដែរនៅទឹកដី Stamford Bridge។

៤. Wes Morgan – ៣៦ឆ្នាំ (កើតថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៨៤)

Morgan បានចូលរួមជាមួយ Leicester City ខ្សែការពាររូបនេះ បានចូលលេងសឹងគ្រប់ការប្រកួតនៅ Premier League បន្ទាប់ពីបានជួយក្រុមកញ្ជ្រោងខៀវ ឡើងពី Championship នៅរដូវកាល ២០១៤-១៥​។ សម្រាប់ពីររដូវកាលដំបូង Morgan ខកខានតែមួយប្រកួតប៉ុណ្ណោះ។ បន្ទាប់ពីបានជួយឱ្យ Leicester ឈ្នះពាន Premier League លើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប នៅរដូវកាល ២០១៥-១៦ ឱកាសនៃការចូលលេងរបស់ Morgan ត្រូវកាត់បន្ថយ ហើយរដូវកាល ២០២០-២១ គេបង្ហាញខ្លួនបានតែ៣ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមលោក Brendan Rodgers។

៣. Phil Jagielka – ៣៨ឆ្នាំ (កើតថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៨២)

Jagielka បានចាប់ផ្ដើមចូលមកកាន់លីគកំពូលអង់គ្លេស ដោយលេងបាន៤ប្រកួតជាមួយក្លិប Sheffield United ដែលប្រូម៉ូតឡើងពីលីគទី២ នៅរដូវកាល ២០០៦-០៧ មុនពេលផ្លាស់ទៅ Everton នៅរដូវកាលបន្ទាប់។ អំឡុងពេលរួមរស់ជាមួយក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Merseyside ខ្សែការពារកណ្ដាលរូបនេះ លេងបាន៣២២ប្រកួតជាមួយ Everton។ ពេលត្រលប់មកចូលរួមជាមួយ Sheffield ជាលើកទី២ Jagielka បង្ហាញវត្តមានលើទីលាន ៦ប្រកួត នៅរដូវកាល ២០១៩-២០ ប៉ុន្ដែមិនទាន់បានចូលលេងនោះទេ សម្រាប់រដូវកាលថ្មីនេះ។

២. Petr Cech – ៣៨ឆ្នាំ (កើតថ្ងៃទី ២០ ខែឧសភា ឆ្នាំ១៩៨២)

តាម​ពិត​ទៅ​តួនាទី​ស្នូល​សព្វ​ថ្ងៃរបស់​លោក​​គឺ​ទីប្រឹក្សា​បច្ចេកទេស​របស់ Chelsea តែ​ក្រោយពីត្រូវបាន​​លោក Frank Lampard បញ្ចូលឈ្មោះទៅក្នុងបញ្ជីកីឡាករនៅក្នុងក្រុម អ្នកចាំទី Petr Cech បានក្លាយជាកីឡាករទី២នៅ Premier League ដែលមានអាយុច្រើនបំផុត។ Cech បានរ៉ាប់រងតួនាទីជាអ្នកចាំទីក្នុងការប្រកួតសម្រាប់ ក្រុមតោខៀវ ៤៩៤លើក ចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១៥ ហើយបានជួយពួកគេឈ្នះ Premier League ៤ដង មុនពេលផ្លាស់ទៅលេងឱ្យ Arsenal ៤រដូវកាលមុនប្រកាសចូលនិវត្ត។

១. Willy Cabellaro – ៣៩ឆ្នាំ (កើតថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ១៩៨១)

អ្នកចាំទីដៃទី២របស់ក្លិប Chelsea បានឈរនៅកំពូលតារាងចំណាត់ថ្នាក់ កីឡាករចាស់ជាងគេនៅ Premier League ពោលគឺ ៣៩ឆ្នាំ។ កីឡាករអាហ្សង់ទីនរូបនេះ ចូលលេងបានតែ១១ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌកំពូលអង់គ្លេស ៤រដូវកាលជាមួយក្រុមតោខៀវ ចាប់តាំងពីផ្ទេរមកកាន់ទឹកដី Stamford Bridge ពីក្លិបមេឃខៀវ Manchester City នៅក្នុងឆ្នាំ ២០១៧៕