Skip to content
    ទំព័រដើម  »  កីឡាជាតិ

លីគកំពូលរដូវកាលថ្មីនឹងចាប់ផ្ដើមពីថ្ងៃ១០ ខែសីហា

ការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌ Cambodian Premier League រដូវកាល២០២៤/២០២៥ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែសីហា តទៅ ដោយមាន១១ក្រុមចូលរួម។

ក្រុមទាំង១១មានព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត,សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, អាយអេសអាយ ដង្កោសែនជ័យ, ណាហ្គាវើលដ៍, ព្រៃវែងអេហ្វស៊ី, គិរីវង់សុខសែនជ័យ, អង្គរថាយហ្គឺរ ខណៈក្រុមថ្មីមានឡាយហ្វស៊ី និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។

ជាលទ្ធផលពីការចាប់គូសម្រាប់ជុំទី១ ណាហ្គាវើលដ៍ជួបគិរីវង់សុខសែនជ័យ, ភ្នំពេញក្រោនទទួលវិសាខា, ព្រះខ័នរាជស្វាយរៀងប៉ះកងយោធពលខេមរភូមិន្ទ, ឡាយហ្វស៊ីប៉ះអេសអាយដង្កោសែនជ័យ និងអង្គរថាយហ្គឺទទួលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

រូបមន្ដប្រកួតវិញ ចប់២ជើង ៦ក្រុមមានពិន្ទុច្រើនជាងគេ (Top6) ត្រូវប៉ះគ្នា២ជើងបន្តទៀតដើម្បីរកជើងឯក។ ៥ក្រុមខាងក្រោម (Bottom 5) ក៏បន្តប៉ះគ្នា២ជើងដែរ។ សម្រាប់កីឡាករបរទេសចូលសញ្ជាតិខ្មែរវិញ ក្រុមនីមួយៗអាចចុះឈ្មោះបានម្នាក់។

ទន្ទឹមនឹងនេះ លោក Peter Koo អគ្គលេខាធិការក្លឹបបាល់ទាត់ឡាយហ្វ ត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Cambodian Premier League។

ដោយឡែក លោក កាំង សេន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodian Premier League បញ្ជាក់ថា រដូវកាល២០២៤/២០២៥ មិនមានការប្រកួត Cambodian League 2 ទេ ព្រោះមិនមានក្រុមគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះក្រុមហ៊ុនលីគក៏ចង់ឱ្យក្រុមមានបំណងចូលរួមត្រៀមខ្លួនឱ្យបានល្អជាមុនសិន៕