រាជធានីភ្នំពេញ៖ នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បោះជំហានជាប្រវត្តិសាស្រ្ត ក្នុងការបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសហការឧបត្ថម្ភធំជាផ្លូវការសម្រាប់ខេមបូឌានព្រីមៀរលីគ។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងលោក កាង សេន តំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រួមជាមួយគណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នទាំងពីរ រួមទាំងស្ថាប័នព័ត៌មានជាច្រើន។
កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹងគោលដៅរបស់ខេមបូឌានព្រីមៀរលីគ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា « វឌ្ឍនៈ ប្រ៊ូវើរី មានទស្សនៈវិស័យវែងឆ្ងាយ ដោយយើងបន្តបេសកកម្មក្នុងការអភិវឌ្ឍ និងលើកស្ទួយគុណភាពវិស័យកីឡាឲ្យរីកចម្រើននៅលើឆាកអន្តរជាតិ។ យើងជឿជាក់លើថ្នាក់ដឹកនាំ ខេមបូឌានព្រីមៀរលីគ ដែលបានបង្កើតសមិទ្ធផលវិជ្ជមាន ប្រកបដោយផ្លែផ្កាក្នុងពេលសហការគ្នាកន្លងមក ព្រមទាំងធ្វើឲ្យវិស័យកីឡាកាន់តែមានភាពទាក់ទាញ ចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។
អ្នកឧកញ៉ាបានបន្តទៀតថា «យើងរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ក្នុងការលើកស្ទួយគុណតម្លៃខ្មែរ ដូចដែលនៅ វឌ្ឍនៈ ប្រ៊ូវើរី បាននាំយកផលិតផលរបស់កូនខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបន្តធ្វើឲ្យវិស័យកីឡានៅប្រទេសកម្ពុជាប្រសើរឡើងទាំងនៅក្នុងតំបន់អាស៊ី និងទូទាំងពិភពលោក។ ចាប់ផ្តើមពីលីគខ្លាំងធ្វើឲ្យក្រុមជម្រើសជាតិខ្លាំង ហើយការចូលរួមរបស់យើងទាំងអស់គ្នាផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់យើង។
លើសពីការចូលរួមចំណែកបន្តសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានធ្វើការចុះកិច្ចព្រមព្រៀងបន្តឧបត្ថម្ភដល់ក្លិបបាល់ទាត់ចំនួន២ទៀតផងដែរគឺគិរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀងផងដែរ។ វឌ្ឍនៈ ប៊្រូវើរី ពិតជាមានមោទកភាពក្នុងការចូលរួមឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយយើងជឿជាក់ថាការចូលរួមចំណែកនេះ នឹងអាចជួយលើកស្ទួយគុណភាពវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ។