ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup ប្រចាំទ្វីបអាមេរិកខាងត្បូង បន្ទាប់ពីពួកគេបានគ្រងជើងឯក Copa America នាទឹកដីសហរដ្ឋអាមេរិក។ អ្វីដែលជាកង្វល់សម្រាប់ក្រុមការពារជើងឯក World Cup គឺអវត្តមានរបស់ម្ចាស់អាវលេខ១០ និងជាប្រធានក្រុម Lionel Messi។
ក្រុមអាហ្សង់ទីននឹងស្វាគមន៍ក្រុមភ្ញៀវឈីលី ប៉ុន្ដែអ្វីដែលជាចម្ងល់នោះគឺ ថាតើនរណានឹងពាក់ស្លាកប្រធានក្រុម ក្នុងប៉ុន្មានប្រកួតខាងមុខ ដើម្បីរក្សាតំណែងរបស់ពួកគេនៅលើកំពូលតារាង។
អវត្តមានរបស់ Messi ដោយសារបញ្ហារបួស និង Angel di Maria ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ជាការចាប់ផ្ដើមទំព័រថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដែលសម្បូរទៅដោយកីឡាករក្មេងៗ ខណៈ Rodrigo de Paul ឬ Emiliano Martinez និង Nicolas Otamendi អាចត្រូវបានចាត់ទុកថា នឹងកាន់តួនាទីជាប្រធានក្រុមជំនួសម្ចាស់ពាន Ballon d’Or ៨សម័យ។