គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps ត្រូវបានរាយការណ៍ថា មានការខកចិត្តចំពោះខ្សែប្រយុទ្ធ Kylian Mbappe ដែលស្នើសុំឱ្យដកឈ្មោះរូបគេ ចេញពីបញ្ជីក្រុមជម្រើសជាតិ ក្រោមហេតុផលរបួស តែគេបានបង្ហាញខ្លួនក្នុងការប្រកួតសម្រាប់ Real Madrid ដល់ទៅ២លើក។
ខ្សែប្រយុទ្ធបារាំង នឹងមិនបានជួយប្រទេសរបស់ខ្លួន ក្នុងការប្រកួត UEFA Nations League ទល់អ៊ីស្រាអែល និងបែលហ្ស៊ិក ដោយសារតែបញ្ហារបួសសាច់ដុំ។
យោងតាមប្រភពពីសារព័ត៌មាន L’Equipe ឱ្យដឹងថា គ្រូបង្គោល Deschamps និងក្រុមការងារគ្រូពេទ្យរបស់ជម្រើសជាតិបារាំង មិនទទួលបានដំណឹងពីក្លឹប Real Madrid ថា Mbappe មានកាយសម្បទាល្អប្រសើរ ហើយអាចលេងបាននោះទេ។ បញ្ហាកង្វះទំនាក់ទំនង បានធ្វើឱ្យមានជម្លោះកើតឡើង ដោយក្រុមបារាំង គិតថា Mbappe ទំនងជាមិនអាចលេងបាននោះទេ រហូតដល់ផុតថ្ងៃប្រកួតជម្រើសជាតិ។