Real Madrid មានការត្រៀមខ្លួនសម្រាប់ការប្រកួត UEFA Champions League ទល់ AC Milan នារាត្រីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ខណៈដែលសមាជិកមួយចំនួនកំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្នុងការចូលរួមប្រកួតនោះ តែក៏មានដំណឹងល្អផងដែរ ចំពោះការត្រលប់មកហ្វឹកហាត់ជាថ្មីរបស់ខ្សែប្រយុទ្ធ Rodrygo Goes។
ក្រុមអធិរាជស នឹងទទួលក្រុមភ្ញៀវអ៊ីតាលី ក្នុងកីឡដ្ឋាន Santiago Bernabeu ដោយរំពឹងថាអាចនឹងធ្វើបានល្អ ដើម្បីលួងចិត្តអ្នកគាំទ្រ ដែលជួបការខកចិត្តក្នុងទឹកដីរបស់ពួកគេ ក្រោយរងបរាជ័យយ៉ាងអាម៉ាស ០-៤ ក្នុងជំនួប El Clasico ទល់ Barcelona។
អ្នកចាត់ការ Carlo Ancelotti បានបង្ហាញពីទំនុកចិត្តថា កូនក្រុមដែលមានបញ្ហាកាយសម្បទា អាចនឹងមានភាពប្រសើរឡើង ទាន់ការប្រកួតខាងមុខនេះ ខណៈខ្សែការពារកណ្ដាល Antonio Rudiger អាចនឹងលេងបានក្នុងប្រកួតនោះ។ ខ្សែបម្រើ Fede Valverde នឹងត្រូវរង់ចាំមើលដល់កៀកការប្រកួត ដើម្បីដឹងថា គេអាចលេងបានឬយ៉ាងណា ដ្បិតតារាឆ្នើមអ៊ុយរុយហ្គាយ បានហ្វឹកហាត់តែម្នាក់ឯង។
ខ្សែការពារអាល្លឺម៉ង់ Rudiger បានសះស្បើយពីរបញ្ហារបួសសាច់ដុំ ខណៈអ្នកចាំទី Thibaut Courtois បន្ដអវត្តមានដោយសាររបួសសរសៃរពួរ។ Dani Carvajal បន្ដការថែទាំកាយសម្បទារបស់ខ្លួន ក្រោយវះកាត់របួស ACL បានដោយជោគជ័យ ហើយ David Alaba ដែលហ្វឹកហាត់ដាច់ដោយឡែកម្នាក់ឯង ក៏មិនបានចូលរួមការហ្វឹកហាត់ជាក្រុមនៅថ្ងៃអាទិត្យដែរ។
ទោះយ៉ាងណាក្ដី សារព័ត៌មាន Marca បានរាយការណ៍ថា មានដំណឹងល្អចំពោះខ្សែប្រយុទ្ធ Rodrygo ដែលបានចូលហ្វឹកហាត់ពេញលេញជាថ្មី នៅមជ្ឈមណ្ឌល Valdebabas។ កីឡាករប្រេស៊ីលបានខកខាន ការប្រកួត El Clasico ដោយសារបញ្ហារបួសភ្លៅ ហើយបានហ្វឹកហាត់ដោយឡែកពីមិត្តរួមក្រុមដទៃទៀត តាំងពីពេលនោះមក។
គេនឹងធ្វើតេស្តចុងក្រោយនាថ្ងៃចន្ទនេះ មុនពេលដែលអ្នកចាត់ការ Ancelotti សម្រេចចិត្តក្នុងការបញ្ចូលឈ្មោះគេទៅក្នុងក្រុម សម្រាប់ការប្រកួតទល់ AC Milan ឬត្រូវរង់ចាំរហូតដល់ការប្រកួត La Liga ទល់ Ousasuna នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
ជំនួបទល់ AC Milan ជាការប្រកួតទី៤សម្រាប់ Real Madrid ក្នុងពូល Champions League ទម្រង់ថ្មី ដោយ៣ប្រកួតកន្លងមកក្រុមដឹកនាំដោយលោក Ancelotti ទទួលបាន៦ពិន្ទុ ពីការឈ្នះ Stuttgart និង Borussia Dortmund និងបរាជ័យមួយប្រកួតទល់ Lille៕